រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍មេធាវី កេត ច័ន្ទម៉ានីន តំណាងឯកឧត្តម តំណាងឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍មេធាវី កេត ច័ន្ទម៉ានីន តំណាងឯកឧត្តម តំណាងឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។

លោកជំទាវអភិបាលខេត្ត បានជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី បានជ្រាបថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច គឺជាអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើម ដែលបានដឹកនាំប្រទេសឱ្យចាកចេញ ផុតពីស្ថានភាពវិនាសខ្ទេចខ្ទី និងបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា ព្រមទាំងបាននាំ មកនូវសន្តិភាពពេញលេញ និងមានអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទកភាពជាទីបំផុត។ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែក បាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធគ្រប់គ្រងសង្គមត្រូវបានបំផ្លាញដល់ឫសគល់ ប្រែក្លាយទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់យ៉ាងបានរស់នៅយ៉ាង សុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និងប្រជាធិបតេយ្យ ហើយកំពុង រួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ យកអស់កម្លាំងកាយ កម្លាំងចិត្តដើម្បីបន្តកសាង និង ការពារមាតុភូមិ ប្រកបដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅចំពោះអនាគតរបស់ខ្លួន។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុងរបស់យើង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិ លេខ១០ ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍និងទំនិញរាយដងទង់ តំបន់សេដ្ឋកិច្ចពិសេស ស្ពាន ថ្នល់ លូ ប្រឡាយ សណ្ឋាគារតំបន់តារាសាគរ ទីលានវាយកូនហ្គលខ្នាតអន្តរជាតិ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ជាពិសេសរូបសំណាកលោកតាព្រឹទ្ធាចារ្យ សាយ ភូថង អតីតអ្នកតស៊ូ អ្នកស្នេហាជាតិក្នុងដួងចិត្តជនកម្ពុជាគ្រប់រូប និងស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះខេត្តកោះកុង ព្រមទាំងតំបន់វិស្សមកាលសម្តេចពិជ័យសេនា និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃ ទៀតគ្រប់គ្រាន់សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសម្រាប់បម្រើសេចក្តីត្រូវការ និងលើកស្ទួយជីវភាពប្រជាជន។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្មបដិវត្តឧស្សហកម្មទី៤ បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាក្លាយទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ការកសាងធនធានមនុស្ស ប្រកបដោយគុណភាពនិងសមត្ថភាព ជាកត្តាមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន០៥ រួមមាន៖ ១). កំណើតសេដ្ឋកិច្ច ២). បង្កើនការងារ ៣).កាត់បន្ថយភាពក្រីក្រ ៤). ពង្រឹងប្រសិទ្ធភាពការងារ និង ៥). ចីរភាពនៃការអភិវឌ្ឍសង្គមជាតិនិងការកសាងភាពធន និងបានកំណត់នូវអាទិភាពគន្លឹះចំនួន០៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល»។ នៅត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា «កត្តា មនុស្ស» នៅតែជាចំណុចអាទិភាពទី១ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងផ្តោតការយក ចិត្តទុកដាក់ជាទីបំផុត។ រីឯថ្ងៃនេះ ដោយមានកិច្ចសហការជាមួយ ប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត បានសហការរៀបចំ វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី វិជ្ជាជីវៈមេធាវី ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងគោលបំណង ផ្សព្វផ្សាយជូន លោក លោកស្រី ឱ្យបានយល់ អំពីវិជ្ជាជីវៈមេធាវី ការផ្តល់ជំនួយ ផ្នែកច្បាប់ដល់ជនក្រីក្រ និងបណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានចាំបាច់ក្នុងការបំពេញការងារប្រចាំ ថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមានច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ផងដែរ។
វគ្គបណ្តុះបណ្តាលថ្ងៃនេះ ត្រូវបានរៀបចំដោយមានការបែងចែកជាពីរផ្នែក ដោយផ្នែកទី១ បទបង្ហាញអំពីវិជ្ជាជីវៈមេធាវី ហើយផ្នែកទី២ បទបង្ហាញអំពីច្បាប់មូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និង រដ្ឋប្បវេណី ដែលលោកគ្រូឧទ្ទេស នឹងធ្វើបទបង្ហាញជូន លោក លោកស្រី នាពេលបន្តិតទៀតនេះ។
ជាមួយគ្នានេះ នាងខ្ញុំសូមសំណូមពរ ដល់ លោក លោកស្រីសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់នូវខ្លឹមសារ នៃបទបង្ហាញឱ្យបានម៉ត់ចត់ ច្បាស់លាស់ និងលើកជាមតិយោបល់ ឬសំណួរ ឱ្យស្របតាមប្រធានបទ និងសូមយកចំណេះដឹងថ្មីនេះ ទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការផ្តល់យោបល់ ឬណែនាំ ដល់ប្រជាពលរដ្ឋនៅឯមូលដ្ឋានប្រកបដោយភាពងាយស្រួល មានតម្លាភាព សំដៅចូលរួមការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម រួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាព នយោបាយ និងសុវត្ថិភាពសង្គម៕
ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ August 19, 2024

អត្ថបទទាក់ទង