រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អញ្ជើញទស្សនកិច្ចពិនិត្យការងារផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាល និងពិធីសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាលក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អញ្ជើញទស្សនកិច្ចពិនិត្យការងារផ្តល់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាល និងពិធីសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាលក្នុងខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមធ្វើរបាយការណ៍ដោយសង្ខេបជូនឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអម ក៏ដូចជា លោក លោកស្រី មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត ជ្រាបអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និង នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើម បានដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ និងមានអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញដល់ឫសគល់ ប្រែក្លាយទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាពគ្រប់យ៉ាងបានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និង ប្រជាធិបតេយ្យ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយយកអស់ កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបន្តកសាង និងការពារមាតុភូមិ ប្រកបដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅ ចំពោះអនាគតរបស់ខ្លួន។ នៅក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេង ដោយបានចេញ ផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ចាំបាច់ ស្ពានឆ្លងដៃព្រែក វារីអគ្គិសនីធំៗ តំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្មនិងដំណាំកៅស៊ូ ព្រមទាំងការវិនិយោគលើវិស័យទេសចរណ៍ នៅតំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ មួយវិញទៀតក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន លើវិស័យ ទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដ៏ទៃទៀតដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននឹងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុងជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្មបដិវត្តឧស្សហកម្មទី៤ បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម និងដើម្បីសម្រេចបាននូវចក្ខុវិស័ យរបស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជាទីគោរព អង្គពិធីទាំងមូល ជាទីមេត្រី ! ដូចដែលអង្គពិធីទាំងមូល បានដឹងច្បាស់ហើយថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ចេញនូវគោលនយោបាយជាតិ លើកកំពស់សុខ មាលភាពរបស់ប្រជាជន តាមរយៈការអនុវត្តតាមវិស័យ ដោយមានការលើកកម្ពស់ទំនើប ភាវូបនីយកម្ម ប្រព័ន្ធផ្តល់សេវាសុខភាព ឆ្ពោះទៅសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើនេះ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធគ្រប់វិស័យ ដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត បានខិតខំប្រឹងប្រែង បន្តការគាំទ្រ និងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាជនក្នុងខេត្តកោះកុង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអម និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់ ដើម្បីទទួលយកនូវអនុសាសន៍ល្អៗ សម្រាប់យកទៅបំពេញការងារតាមភារកិច្ចរៀងៗខ្លួនឱ្យបានជោគជ័យហើយមានប្រសិទ្ធភាព៕
ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ August 17, 2024

អត្ថបទទាក់ទង