ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ អមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរក្រសួងសុខាភិបាល បានអញ្ជើញបន្តចុះពិនិត្យកិច្ចការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៃខេត្តកោះកុង ដែលជាមន្ទីរពេទ្យបង្អែកស្រុកជាប់ចំណាប់ថ្នាក់លេខ៦ ក្នុងការផ្តល់សេវាសាធារណគំរូក្នុងវិស័យសុខាភិបាលទូទាំងប្រទេស កាលពីឆ្នាំ២០១៩។
ក្នុងទិសដៅគាំទ្រដល់ការលើកកម្ពស់គុណភាពសេវាថែទាំ ពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានចុះពិនិត្យទីតាំងផ្តល់សេវាសំខាន់ៗ រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលទូទៅ ផ្នែកសម្ភព ដោយបានផ្តល់ជាគំនិតយោបល់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលមន្ទីរពេទ្យ អោយធ្វើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជាពិសេសសមត្ថភាពមុតស្រួចលើការថែទាំ ព្យាបាល អ្នកជំងឺ ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយក្តីស្រលាញ់ជាប់ជាប្រចាំ។
ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់អំពីសារៈសំខាន់លើការគ្រប់គ្រង និងរៀបចំលំហូអ្នកជំងឺ កិច្ចការកត់ត្រា និងរក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ រួមទាំងការគ្រប់គ្រង និងផ្គត់ផ្គង់ឱសថកុំឱ្យខ្វះចន្លោះ និងសម្ភារៈឧបករណ៍ពេទ្យឱ្យសមស្របតាមតម្រូវការជាក់ស្តែង។ អនាម័យ ទាំងបរិស្ថានទាំងក្នុងផ្នែក-បន្ទប់ថែទាំព្យាបាល និងសោភណ្ឌភាពទាំងក្នុង-ក្រៅទីតាំងពិនិត្យ-ថែទាំ-ព្យាបាល គឺមានគុណតម្លៃដូចគ្នាទៅនឹងគុណតម្លៃនៃការផ្តល់សេវាសុខភាពថែទាំ-ព្យបាល និងដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនៅត្រីមាសទី៤ ឆ្នាំ២០២៤ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីទឹកចិត្តដឹងគុណ ចំពោះមន្រ្តីសុខាភិបាលទាំងអស់ និងអាជ្ញាធរ ដែលខិតខំគ្រប់មធ្យោបាយ ក្នុងការបម្រើប្រជាពលរដ្ឋលើតម្រូវការសុខាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
ខេត្តកោះកុង៖ នារសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤