ថ្ងៃទី ៥ សីហា ២០២៤ ជាថ្ងៃប្រវត្តិសាស្ត្រដែលកម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។ ទិវាដ៏អស្ចារ្យនេះ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ អង្គភាព ឃុំ សង្កាត់ បានអបអរសាទរ គាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។
នៅខេត្តកោះកុង រដ្ឋបាលខេត្ត បានរៀបចំពិធីអបអរសាទរយ៉ាងអាធិកអាធម្ម មន្ទីរអង្គភាពនានាជុំវិញខេត្ត ក៏បានរៀបចំអបអរសាទរទិវាប្រវត្តិសាស្ត្រមួយនេះ។ ដោយឡែកមន្ទីរព័ត៌មានខេត្តកោះកុង នៅព្រឹកនេះ បានជួបជុំថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមស្ដាប់ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរអធិបតី តាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ទូងស្គជ័យដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងអបអរសាទរចំពោះក្បួនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នៅតាមដងវិថីសំខាន់ៗក្នុងខេត្តកោះកុង និងបានចូលរួមក្បួនព្យុហយាត្រាជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។