រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

«ទិវាជាតិនៃការចងចាំ»

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៨៣ សភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកំណត់យកថ្ងៃនេះជាថ្ងៃប្រារព្ធ «ទិវាចងកំហឹង»។ ការប្រារព្ធទិវានេះ ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាប្រជាពលរដ្ឋខ្មែរ។

បន្ទាប់ពីសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកំណត់បែបនេះរួចមក រាល់ថ្ងៃទី២០ ខែឧសភា ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រារព្ធទិវាចងកំហឹងនេះ ដោយបានលើកបង្ហាញ និងរំលឹកដល់អំពើព្រៃផ្សៃ និងទុក្ខវេទនាទាំងឡាយនៅក្នុងរបបប្រល័យពូជសាសន៍។ តែក្រោយពេលកម្ពុជាបង្កើតព្រះរាជាណាចក្រទីពីរ បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ «ទិវាចងកំហឹង» ត្រូវបានរាជរដ្ឋាភិបាលប្រែក្លាយពីពាក្យ «ចងកំហឹង» ទៅជា «ចងចាំ» វិញ។

លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើង ការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជន រងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និងផ្នែកសង្គមដល់ជន រងគ្រោះ និងក្រុមគ្រួសារចូល រួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។

មាត្រា២ នៃអនុក្រឹត្យនេះ ចែងថា ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបាន ផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន៕

អត្ថបទទាក់ទង