រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ពិន សាវាត សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្តីពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ពិន សាវាត សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្តីពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម។

លោកស្រីអភិបាលរង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយុទ្ធសាស្ត្រដឹកនាំពីរាជរដ្ឋាភិបាល អាណត្តិមុន ដោយដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះមាន ការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាគោលនយោបាយអនុវត្តតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។ ឆ្លើយតបនឹងគោលនយោបាយខាងលើ ក្រសួងសុខាភិបាល បានដាក់ចេញនូវសកម្មភាព ជាអាទិភាព ចំនួន ៩ រួមមមាន :
១.បង្កើនសកម្មភាពអប់រំសុខភាពដល់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
២.ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា (អេដស៍-គ្រុនចាញ់-របេង។ល។)។
៣.ទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងជាសកលនានា (កូវីដ-១៩។ល។)។
៤.ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនានា (លើសឈាម-ទឹកនោមផ្អែម-មហារីកមាត់ស្បូន។ល។)។
៥.ប្រយុទ្ធប្រឆាំងនឹងការប៉ះពាល់សុខភាពដោយសារបំរែបំរួលអាកាសធាតុ។
៦.ធ្វើឱ្យប្រសើរឡើងការថែទាំ និងព្យាបាល ដោយចូលរួមក្នុងវិស័យគាំពារសង្គម (មូលនិធិ សមធម៌របបបេឡាជាតិសន្តិសុខសង្គម (បសស) ។ល។)។
៧.លើកកម្ពស់គុណភាពនៃការថែទាំ ទាំងនៅក្នុងសេវាសាធារណៈ និងឯកជន។
៨.អភិវឌ្ឍន៍ធនធានមនុស្ស និងលើកកំពស់សមត្ថភាពអ្នកជំនាញសុខាភិបាល និងការពង្រាយបុគ្គលិកដល់មូលដ្ឋាន។
និង ៩.អភិវឌ្ឍន៍សុខភាពឌីជីថល។
ដើម្បីអនុវត្តបាននូវសកម្មភាពអាទិភាពទាំង៩នេះ ក្រសួងសុខាភិបាល ក៏បានលើកគោ លដៅអាទិភាពបន្ទាន់ចំបង ចំនួន ៣ គឺ ៖
១.ពង្រឹងមណ្ឌលសុខភាព៖ ដោយកែលម្អអាគារ បំពាក់សម្ភារ ឱសថ ពង្រឹងសមត្ថភាព បុគ្គលិក ក្នុងការបម្រើការសេវាសុខភាព ២៤ម៉ោង។
២.ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត ព្រមទាំងនិយ័តកម្មសេវាឯកជនអោយបានប្រសើរឡើង។
៣.ពង្រឹងស្ថាប័ន តាមរយៈការបណ្តុះលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្តប់ សេវាជាសកល និងធ្វើឱ្យប្រជាជនកម្ពុជា មានសុខភាពល្អ និងអាយុយឺនយូរ ។

ព្រះតេជគុណម្ចាស់ ជាទីសក្ការៈ ! អស់លោក លោកស្រី ជាទីមេត្រី! មកដល់ឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានធ្វើបច្ចុប្បន្នភាពអំពីក្របខ័ណ្ឌ អនុវត្តការជម្រុញបង្កើនការថែទាំសុខភាពបឋម ដែលមានសកម្មភាពស្នូលទាំង ៦ ដូចខាងក្រោម :
១.ការផ្តល់សេវាលទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីគាំទ្រ ដល់សុខភាព
២.ការតម្រង់ទិសឡើងវិញ នូវការផ្តល់សេវាសុខភាពដែលផ្តោតលើការពង្រឹងការថែទាំសុខភាពបថមនៅមណ្ឌលសុខភាពជាជម្រើសដំបូង
៣.ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម
៤.ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
៥.ការវិនិយោគលើការថែទាំសុខភាពបថម សម្រាប់ការគ្របដណ្តប់សុខភាពជាសកលដែលផ្តោតលើការបង្កើនកម្រឹត និងភាពបត់បែននៃការផ្តល់ហិរញ្ញប្បទាន
និង៦.ការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូ។
ក្របខ័ណអនុវត្តការជម្រុញបង្កើនការថែទាំសុខភាពបឋមនេះ មានសារៈសំខាន់សម្រាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកទៅប្រើប្រាស់ដើម្បីពិនិត្យមើលស្ថានភាពនៃការថែទាំសុខភាពបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។
នៅពេលបន្តិទៀតនេះ អង្គសិក្ខាសាលារបស់យើង នឹងបានស្តាប់នូវបទបង្ហាញមួយចំនួន ពាក់ព័ន្ធនិងការថែទាំសុខភាពបឋមនៅកម្ពុជា ដែលនឹងឧទ្ទេសនាមដោយមន្ត្រីជំនាញផ្នែកសុខាភិបាលរបស់យើង។
ខ្ញុំព្រះករុណា នាងខ្ញុំសូមស្នើដល់សិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់តាមដានស្តាប់ នូវបទបង្ហាញទាំងនោះ ដើម្បីបានជាមូលដ្ឋានសម្រាប់យកទៅផ្សព្វផ្សាយបន្ត និងអនុវត្តន៍ នៅពេលត្រឡប់ទៅមូលដ្ឋាន និងអង្គភាពរបស់ខ្លួនវិញ ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជ គុណគ្រប់ព្រះអង្គ ឯកឧត្តម លោក លោកស្រី នាងកញ្ញា ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាន និមន្ត និងអញ្ជើញចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ និងបានខិតខំអនុវត្តការងារថែទាំសុខភាពបឋមក្នុងពេលកន្លងមក។
ខ្ញុំព្រះករុណា នាងខ្ញុំសូមឱ្យអង្គសិក្ខាសាលាទាំងមូល ចូលរួមអនុវត្តតាមគោល នយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនូវក្របខ័ណ្ឌអនុវត្តការជម្រុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ដើម្បីឱ្យការអនុវត្តការងារថែទាំសុខភាពបឋមនៅខេត្តកោះកុង កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។
ខ្ញុំព្រះករុណា នាងខ្ញុំ សូមប្រកាសបើកសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត"ស្តីពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម" ចាប់ពីពេលនេះតទៅ។
សូមអរព្រះគុណ និងសូមអរគុណ !
ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
May 17, 2024

អត្ថបទទាក់ទង