រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ក្នុងពិធី សម្ពោធមហាជួង និងសមិទ្ធផលនានា នៅវត្តគិរីតេជោ ហៅវត្តកូនកុក ស្ថិតនៅចំណុចកូនកុក ភូមិព្រែកស្មាច់ ឃុំកោះស្តេច នៃស្រុកគិរីសាគរ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ក្នុងពិធី សម្ពោធមហាជួង និងសមិទ្ធផលនានា នៅវត្តគិរីតេជោ ហៅវត្តកូនកុក ស្ថិតនៅចំណុចកូនកុក ភូមិព្រែកស្មាច់ ឃុំកោះស្តេច នៃស្រុកគិរីសាគរ ខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបាននាំមកនូវសន្តិភាព ពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងមានការទទួលស្គាល់ ពីបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុងរបស់យើង មានលទ្ធភាពកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍និងទំនិញរាយដងទង់ តំបន់សេដ្ឋកិច្ចពិសេស ស្ពាន ថ្នល់ លូ ប្រឡាយ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព និង ហេដ្ឋារចនាសម្ព័ន្ធដទៃទៀតគ្រប់គ្រាន់សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសម្រាប់បម្រើ សេចក្តីត្រូវការ និងលើកស្ទួយជីវភាពប្រជាជន។
នាងខ្ញុំ សូមអនុញ្ញាតគោរពជម្រាបជូន សម្តេចពិជ័យសេនា ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី និងអង្គពិធីទាំងមូលបានជ្រាបដោយសង្ខេប អំពីប្រវត្តិសង្ខេបរបស់វត្តគិរីតេជោ ហៅវត្តកូនកុក និងសមិទ្ធផលមួយចំនួន នាឱកាសដ៏វិសេសវិសាលនេះ ដូចតទៅ៖
១. ប្រវត្តិវត្តសង្ខេបវត្ត ÷ វត្តគិរីតេជោ ហៅវត្តកូនកុក ពីដើមឡើយមានឈ្មោះថា វត្តគិរីគង្គា ដែលមានទីតាំងនៅ ចំណុចពយជប៉ុន ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ និងបានកសាងឡើងដោយប្រជាពលរដ្ឋ នៅក្នុងឆ្នាំ១៩៧២ ដោយមានព្រះសង្ឃចំនួន៥អង្គ មានព្រះវិហារតូចមួយ សាលាឆាន់មួយខ្នងធ្វើអំពីឈើ ប្រក់សង្ក័សី។
ក្នុងសម័យកាល នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ប្រមាណជាងបីលាននាក់ និងបានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សិទ្ធិរស់រានមានជីវិត សេរីភាពពលរដ្ឋ នៅក្នុងរបបយង់ឃ្នងដ៏ខ្មៅងងឹតមួយនេះ គឺគ្មានទេសូម្បីតែសិទ្ធិក្នុងជំនឿសាសនាស្របពេលជាមួយគ្នានោះ វត្តគិរីគង្គា ក៏ត្រូវបានពួកខ្មែរក្រហម កម្ទេចទាំងស្រុង និងចាប់ព្រះសង្ឃផ្សឹកឱ្យធ្វើការជាទម្ងន់ ហើយទីតាំងវត្តអារាមទាំងមូលត្រូវបានបោះបង់ចោលក្លាយជាទីវាលរហោឋាន។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសជាតិត្រូវបានស្ដារឡើងវិញស្ទើរគ្រប់វិស័យ ក្នុងនោះការស្តារឡើងវិញនូវវិស័យព្រះពុទ្ធសាសនា និងបានកំណត់ថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ នៃប្រទេសកម្ពុជា ហើយវត្តអារាមក៏ត្រូវបានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ ដើម្បីផ្តល់ជាទីសំណាក់ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងដើម្បីបន្តមាគ៌ាជីវិតសាសនាតាមបែបប្រពៃណី។ ជាមួយគ្នានេះ ស្របពេលដែលប្រទេសជាតិ ទទួលបានសុខសន្តិភាព ប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយបានផ្តួចផ្តើមគ្នាកសាង វត្តគិរីគង្គានេះឡើងវិញ ដើម្បីទុកជាទីសក្ការៈបូជា សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅ ក្នុងនោះក៏មានកុលបុត្រចាប់ផ្តើមបួសជាព្រះសង្ឃ ចំនួន០៤អង្គ នៅវត្តគិរីគង្គា នេះ ក្រោមការដឹកនាំរបស់ព្រះចៅអធិការព្រះនាម នាម មឿន ហើយចាប់តាំងពីពេលនោះ ពុទ្ធបរិស័ទ្ធជិតឆ្ងាយយ៉ាងច្រើនកុះករ បានចូលរួមបច្ច័យ និងបានផ្តួចផ្តើមគំនិតដើម្បីកសាងកុដិឈើ២ខ្នង និងព្រះវិហារតូចមួយ និងនៅឆ្នាំ២០០៧ វត្តនេះមានព្រះសង្ឃចំនួន០៨ អង្គ និងបានសាងសង់កុដិចំនួន២បន្ថែមទៀត សាងសង់ខ្លោងទ្វារ០១ និងសាលាបុណ្យ០១ខ្នង។
ចាប់ពីឆ្នាំ២០០៨មក ដោយមានគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល វត្តគិរីគង្គា បានផ្លាស់ប្តូរទីតាំងពីចំណុច ពយជប៉ុន មកទីតាំងបច្ចុប្បន្ននេះ ស្ថិតនៅចំណុចកូនកុក ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច និងបានប្តូរឈ្មោះ ពី វត្តគិរីគង្គា មកជា វត្តគិរីតេជោ ឬហៅ វត្តកូនកុក ហើយដឹកនាំជាបណ្តោះអាសន្នដោយព្រះគ្រូ គង់ វាសនា (ជាចៅអធិការ វត្តកោះស្តេច)។ នៅឆ្នាំ២០១៩ វត្តគិរីតេជោ (ហៅ វត្តកូនកុក) ត្រូវបានដឹកនាំដោយព្រះគ្រូចៅអធិការព្រះនាម ចៅ ស៊ឹម ហៅ លោកតា ទូច រហូតដល់ខែមករា ឆ្នាំ២០២២ វត្តគិរីតេជោ បានដឹកនាំបន្តដោយព្រះ ចៅអធិការស្តីទី ព្រះនាម ឥន រក្សា រហូតដល់ពេលបច្ចុប្បន្ននេះ។

២.អំពីសមិទ្ធផលនានារបស់វត្ត ÷ បច្ចុប្បន្ន វត្តគិរីតេជោ មានព្រះសង្ឃចំនួន០៧ព្រះអង្គ ហើយបានកសាងសមិទ្ធផលមួយចំនួន ដូចជា សាលាឆាន់០១ខ្នងធ្វើអំពីថ្ម កុដិ០២ខ្នងធ្វើអំពីថ្ម រោងបាយ០១ខ្នងធ្វើអំពីឈើ ផ្លូវបេតុង០២ខ្សែ ប្រវែង១៨០ម៉ែត្រ និងខ្លោងទ្វារវត្ត ហើយបាននិងកំពុងកសាងបន្តដូចជា កុដិ ព្រះវិហារ ព្រះបរមរូប សម្តេច មហាសង្ឃរាជ ជួន ណាត …។ល។ ហើយថ្ងៃនេះ វត្តគិរីតេជោ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មហាជួង និងសមិទ្ធផលនានា មួយចំនួនបន្ថែមទៀត ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរនាពេលកន្លងទៅថ្មីៗនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ដោយមានការបិណ្ឌបាត សំណើរបស់គណៈកម្មាធិការវត្ត និងសំណើរបស់ប្រជាពលរដ្ឋ នាងខ្ញុំសូមគោរពស្នើសូម សម្តេចពិជ័យសេនា មេត្តាពិនិត្យជួយសាងសង់លូ ជ្រុងភ្លោះ ចំនួន០១កន្លែង និងលូមូល កាត់ផ្លូវមុខបី ចំនួន០១កន្លែង ស្ថិតនៅភូមិតានី និងភូមិកៀន ក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ដោយសារស្ពាន០២កន្លែងនេះមានការខូចខាតស្ទើរ ទាំងស្រុងធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតក្នុងវត្តគិរីតេជោ។ អាស្រ័យដូចបានគោរពស្នើសូមនេះ សូមសម្តេចពិជ័យសេនា មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ May 15, 2024

អត្ថបទទាក់ទង