លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញជួបសំណេះសំណាល ជាមួយប្រជានេសាទ ដែលអញ្ជើញមកចុះបញ្ជីជលយានយន្ត នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្រុមការងាររបស់រដ្ឋបាល មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាសម្របសម្រួលផ្តល់សេវាកម្មចុះបញ្ជីជលយានយន្តជូនប្រជាពលរដ្ឋល្អប្រសើរ។ ហើយថែមទាំងបង្ខិតសេវានេះឱ្យគៀកនឹងសហគមន៍រស់នៅពលរដ្ឋតែម្តង មិនឱ្យចំណាយពេលវេលា ឬថវិកាច្រើនឡើយ។
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ផងដែរថា ការចុះបញ្ជីជលយានយន្តនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រជានេសាទនឹងទទួលបាននូវភាពស្របច្បាប់ និងងាយស្រួលក្នុងការស្នើសូមប្រកបអាជីវកម្មផ្សេងៗ រួមជាមួយនឹងការទិញ លក់ ផងដែរ។ ហើយជាពិសេសជានេះទៅទៀត កម្លាំងមានសមត្ថកិច្ច មានភាពងាយស្រួលក្នុងការស្រាវជ្រាវ ស្វែងរក នៅពេលមានករណីចោរលួច ឬបាត់បង់ ដោយប្រការណាមួយ។
លោកស្រីអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ដែលពុំទាន់បានចុះបញ្ជីជលយានយន្ត សូមចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ជាពិសេស សូមជួយផ្សព្វផ្សាយបន្តដល់សាច់ញ្ញាតិ និងអ្នកជិតខាងទាំងអស់ដែលមានទូក ពុំទាន់បានចុះបញ្ជី ឱ្យគាត់បានដឹង និងបានមកចុះបញ្ជីទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវខិតខំ សម្របសម្រួលផ្តល់សេវាជូនប្រជានេសាទទាំងអស់ ឱ្យបានឆាប់រហ័ស មានតម្លាភាព និងការជឿ ទុកចិត្ត រួមជាមួយនឹងកិច្ចសហការល្អ ធ្វើយ៉ាងណាឱ្យការងារដើរទៅដោយរលូន និងប្រកបដោយផ្លែផ្កា៕
ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ May 6, 2024