រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងបិទសិក្ខាសាលា បញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោង ស្ទៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប)

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងបិទសិក្ខាសាលា បញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោង ស្ទៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប)។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ជាថ្មីម្តងទៀត ជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួម ក្នុងពិធីបិទសិក្ខាសាលា បញ្ចប់ការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹង ផលិតកម្មកសិកម្ម និងទីផ្សារ (ហៅគម្រោង សៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (ហៅគម្រោង ការីប) នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះអង្គការ Save the Children ចំពោះសមិទ្ធផលជាផ្កាផ្លែ ចេញពីការអនុវត្តន៍របស់គម្រោងស្ងោរ និងចំពោះរាល់ស្នាដៃរបស់លោក លោកស្រី អង្គការដៃគូរ វិស័យឯកជន មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការគាំទ្រ និងអនុវត្តសកម្មភាពយ៉ាងល្អប្រសើរ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។
គណៈអធិបតី អស់លោក លោកស្រី អង្គវេទិកាទាំងមូល ជាទីមេត្រី ! សិក្ខាសាលារយៈពេល១ថ្ងៃពេញ របស់គម្រោងស្លៀរនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កឱកាសឱ្យភាគីពាក់ព័ន្ធ បានចូលរួមបញ្ចេញមតិយោបល់កែលម្អរ ចែករំលែក ចំណេះដឹង បទពិសោធន៍ និងរៀនសូត្រពីចំណុចខ្លាំង ចំណុចខ្សោយ និងបានចូលរួមប្រារព្ធ និងអបអរសាទរនូវលទ្ធផលរបស់គម្រោងដែលបានខិតខំអនុវត្តរួមគ្នាកន្លងមក។
ការដែលសម្រេចបាននូវលទ្ធផលជាផ្លែផ្កាទាំងនេះ គឺមិនមែនជារឿងងាយស្រួលសម្រាប់ភាគី អនុវត្តគម្រោង និងសម្រាប់ប្រជាកសិករទទួលផលនោះទេ ដោយសារតែការអនុវត្ត បានជួបប្រទះនូវបញ្ហាទីតាំងភូមិសាស្ត្រខ្លះមិនអំណោយផលការប្រែប្រួលអាកាសធាតុ កម្លាំងនៃការដាំដុះនៅមាន កម្រិត ការគ្រប់គ្រងបម្រែបម្រួលទីផ្សារ ការរាតត្បាតពីសត្វល្អិតចង្រៃ និងជំងឺផ្សេងៗ។
ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី យើងមានមោទកភាព ជាមួយនឹងសមិទ្ធផលដែលយើងខិតខំសម្រេច បានទាំងនេះ ជាពិសេសបានចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោង ប្រកបដោយបច្ចេកទេសច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ មានកិច្ចសហប្រតិបត្តិការល្អ មានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញជុំវិញខេត្ត ស្រុក និងឃុំ ពិសេសមានការ ចូលរួមចំណែកពីវិស័យឯកជន ប្រជាកសិករ និងពាណិជ្ជករ។
ជាថ្មីម្តងទៀត ខ្ញុំពិតជាមានសេចក្តីសោមន្នស្សរីករាយ ដែលអង្គការ Save the Children បានទាញយកនូវបទពិសោធន៍នៃការអនុវត្តគម្រោងស្មៅនេះ មកកសាងគម្រោងថ្មីបន្ត និងបានទទួលការ អនុម័តយល់ព្រមពីម្ចាស់ជំនួយ និងបានរៀបចំអនុវត្តគម្រោងនេះក្នុងភាពជាដៃគូរជាមួយអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ ក្នុងខេត្តកោះកុង ដោយពង្រីកតំបន់គោលដៅបន្ថែមទៅស្រុកកោះកុង។ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមលើកទឹកចិត្តដល់មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុក ឃុំ នៅតែបន្តកិច្ចសហប្រតិបត្តិការល្អ និងកៀរគរធនធានជាមួយដៃគូរពាក់ព័ន្ធដើម្បីចូលរួមចំណែក អភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងស្នើសុំអង្គការ Save the Children និងអង្គការដៃគូរពាក់ព័ន្ធ ព្យាយាម បន្តស្វះស្វែងរកធនធាន ពង្រីកលទ្ធភាពគាំទ្រ និងធ្វើការដោយគោរពទៅតាមគោលការណ៍របស់ខ្លួន និងស្របតាមបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភវឌ្ឍវិស័យ កសិកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀតក្នុងខេត្តកោះកុង។
គណៈអធិបតី អស់លោក លោកស្រី អង្គវេទិកាទាំងមូល ជាទីមេត្រី ! ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ គណៈធិបតី ម្ចាស់ជំនួយ ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក បងប្អូនប្រជាកសិករ និងលោក លោកស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងមនោសញ្ចេតនាសប្បាយរីករាយ លើកិច្ចសហការពោពេញដោយក្តីសង្ឃឹម រវាងរដ្ឋបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ជាមួយអង្គការ Save the Children! ខ្ញុំសូមប្រកាសបិទ (គម្រោងសៀរ) ថ្ងៃនេះ និងសូមប្រកាសគាំទ្របើកការអនុវត្ត (គម្រោង ការីប) ចាប់ពីពេលនេះតទៅ ! សូមអរគុណ
ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ April 2, 2024

អត្ថបទទាក់ទង