រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការ ពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ(គម្រោង ស្ទៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប)

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការ ពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ(គម្រោង ស្ទៀរ) និងប្រកាសបើកគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប)។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុង នាមខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធី បើកសិក្ខាសាលាបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ ដែលហៅកាត់ថា (គម្រោង សៀរ) និងការប្រកាសបើកគម្រោងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ ដែលហៅកាត់ថា (គម្រោង ការីប) នាពេលនេះ។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន គណៈអធិបតី អស់លោក លោកស្រី ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មាន តម្លៃ និងមមាញឹក អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ចំពោះអង្គការ Save the Children ដែលបានសហការរៀបចំសិក្ខាសាលា “បញ្ចប់ការអនុវត្តគម្រោង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (គម្រោង ស្ទៀរ) ដោយបានអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៤ ក្នុងគោលដៅ លើកកម្ពស់ សេដ្ឋកិច្ច សុខមាលភាព និងភាពធន់របស់សហគមន៍ ដោយមានកិច្ចសហការណ៍យ៉ាងល្អពីមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការ IDE មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ វិស័យឯកជន និងកសិករអ្នកផលិតក្នុងស្រុកគោលដៅទាំងបី រួមមាន ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង) និងការបើកអនុវត្តគម្រោងថ្មីដែលមានឈ្មោះថា គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) ដែលនឹងអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងស្រុកគោលដៅចំនួន៤ រួមមាន ស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកកោះកុង។
ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសកម្មភាពគាំទ្រលើ វិស័យអប់រំ តាំងពីឆ្នាំ២០០៨ ដើម្បីពង្រឹងគុណភាពអប់រំ លើកកម្ពស់ការចូលរៀន និងការឆ្លើយតបគ្រោះមហន្តរាយ។ ហើយបច្ចុប្បន្ន បាននឹងកំពុងបន្តការគាំទ្រកម្មវិធីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការអន្តរាគមន៍លើវិស័យកសិកម្ម និងប្រព័ន្ធទីផ្សារ ការលើកកម្ពស់សមភាពយេនឌ័រសម្រាប់ទាំងអស់គ្នាកិច្ចការឆ្លើយតបការប្រែប្រួលអាកាសធាតុ រហូតទទួលបានលទ្ធផលជាផ្លែផ្កា គួជាទី មោទកភាព នាឱកាសនេះ។
គណៈអធិបតី អស់លោក លោកស្រី អង្គវេទិកាទាំងមូល ជាទីមេត្រី ! ស្ថិតក្នុងឱកាសនេះ ជាការបង្ហាញនូវភស្តុតាង បទពិសោធន៍ និងប្រារព្ធសមិទ្ធផលដែលយើង បានខិតខំធ្វើការក្នុងភាពជាដៃគូរួមគ្នា លើការអភិវឌ្ឍន៍ជីវភាពរបស់ប្រជាកសិករ ការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់សុខមាលភាពកុមារ និងតួអង្គទីផ្សារពាក់ព័ន្ធក្នុងខ្សែរច្រវ៉ាក់ ផលិតកម្ម កសិកម្មក្នុងខេត្តកោះកុង របស់គម្រោងស្ងោរ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះសមិទ្ធផលជាផ្លែផ្កា កើតចេញការអនុវត្តរបស់គម្រោងស្ទើរ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាដៃគូអភិវឌ្ឍ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងបងប្អូនប្រជាកសិករទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មកន្លងមក ក្នុងការរួមចំណែកឆ្លើយតប ទៅនឹងគោលនយោបាយជាតិដើម្បីកាត់បន្ថយភាពក្រីក្រ នៅក្នុងខេត្តកោះកុងរបស់យើង។ កន្លងមកតំណាងរដ្ឋបាលខេត្ត ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី បានចុះពិនិត្យ សមិទ្ធផលជាក់ស្តែង នៅក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង។ ជាលទ្ធផល នៃការ អន្តរាគមន៍របស់គម្រោងស្ងោរ យើងសង្កេតឃើញថា កសិករពិតជាទទួលបានព័ត៌មានទីផ្សារ អំពីការទិញលក់ផលិតផល និងសម្ភារកសិកម្ម ការទទួលបានចំណេះដឹង និងជំនាញក្នុងការផលិតបន្លែ ផ្លែឈើ និងចេក ជាមួយចំណូលគ្រួសារកើនឡើង ការផ្លាស់ប្តូរជាវិជ្ជមានពីរបៀបនៃការអប់រំកូន និងការកើនឡើងនូវការវិនិយោគលើកុមារ ជាពិសេសការអប់រំ និងការថែទាំសុខភាព ដែលជាការរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងខេត្ត គួរជាទីមោទកភាព ដូចឃើញព្រឹត្តការណ៍ក្នុងថ្ងៃនេះ ជាភស្តុតាងស្រាប់។
គណៈអធិបតី អស់លោក លោកស្រី អង្គវេទិកាទាំងមូល ជាទីមេត្រី! ជាការពិតណាស់ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយ និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងប្រកបដោយចីរភាព។ ដោយឡែក សម្រាប់វិស័យកសិកម្ម អប់រំ បរិស្ថាន និងសង្គមកិច្ច នៅតែជាវិស័យស្នូលក្នុងការចូលរួមចំណែក សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងការធានាបាននូវប្រព័ន្ធសន្តិសុខស្បៀងសមស្រប សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង។
ដូច លោក លោកស្រី បានជ្រាបហើយថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ហេតុនេះ យើងត្រូវការ ជាចាំបាច់នូវដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងអាជ្ញធរដែនដី សហការគ្នា និងរួមគ្នាដោះស្រាយ ដើម្បីឱ្យវិស័យកសិកម្មក្នុងខេត្តរបស់យើង កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ វត្តមានរបស់អង្គការ Save the Children រួមជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ នៅក្នុងខេត្តកោះកុង នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត ព្រោះយើងបាននៅជិតគ្នា ងាយស្រួសសហការគ្នា ក្នុងការឆ្លើយតបបានទាន់សភាពការណ៍ ប្រកបដោយតម្លាភាព និងបរិញ្ញាប័ន។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ គណៈធិបតី ម្ចាស់ជំនួយ ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក បងប្អូនប្រជាកសិករ និងលោក លោកស្រីទាំងអស់ សូម បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ពេលវេលាក៏បានឈានមកដល់ ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយក្តីមោទកភាព ខ្ញុំសូមប្រកាសបើកសិក្ខាលាសា «បិទគម្រោងស្មៀរ និងបើកគម្រោងការីប» ដែលបានអនុវត្តន៍ រយៈពេលប្រាំឆ្នាំកន្លងមក និងបន្តរយៈពេលពីរឆ្នាំទៅមុខទៀត ចាប់ពីពេលនេះតទៅ។ សូមអរគុណ !
ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ April 2, 2024

អត្ថបទទាក់ទង