រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក. ដើម្បីចុះត្រួតពិនិត្យករណីសំណើរបស់រដ្ឋបាលខេត្តកោះកុងស្នើសុំ គោលការណ៍ឯកភាពក្នុងការកាត់ដីចំណីឆ្នេរសមុទ្រទី១កន្លែង របស់ លោក ង៉ោ ហ៊ាង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង (គ.អ.ឆ.ក) បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក. ដើម្បីចុះត្រួតពិនិត្យករណីសំណើរបស់រដ្ឋបាលខេត្តកោះកុងស្នើសុំ គោលការណ៍ឯកភាពក្នុងការកាត់ដីចំណីឆ្នេរសមុទ្រទី១កន្លែង របស់ លោក ង៉ោ ហ៊ាង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រោយពីចុះពិនិត្យស្ថានភាពឆ្នេរ ស្តាប់ពីសាវតាប្រវត្តិឆ្នេរនេសាទ និងកិច្ចពិភាក្សា ផ្តល់យោបល់ពីជំនាញពាក់ព័ន្ធ ឯកឧត្តម នី ផល្លី ប្រធានក្រុមការងារ បានសម្រេច និងដាក់ចេញគោលការណ៍មួយចំនួនដូចខាងក្រោម៖
១. គ្រោងនឹងស្នើសូមគោលការណ៍ដើម្បីសិក្សារៀបចំផែនការមេប្រើប្រាស់ដីឃុំជ្រោយស្វាយ ដើម្បីអភិវឌ្ឍតំបន់ឆ្នេរនេសាទ ឃុំជ្រោយស្វាយឱ្យមានភាពល្អប្រសើរ និងមានហេដ្ឋារចនាសម្ព័ន្ធសមស្របបម្រើដល់វិស័យទេសចរណ៍ឆ្នេរសមុទ្រ ដោយជំរុញការសិក្សាផ្លូវបណ្តោយឆ្នេរសមុទ្រ តភ្ជាប់ឆ្នេរសមុទ្រឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.តម្រូវឱ្យម្ចាស់ដីដែលបានសង់របងដីចំណីឆ្នេរសមុទ្រ (២ម្ចាស់ដី) ដែលជាផ្លូវចូលឆ្នេរត្រូវរុះរើចេញ និងពង្រីកផ្លូវពីទទឹង៦ម៉ែត្រ (បច្ចុប្បន្ន) ទៅដល់ទទឹង១២ម៉ែត្រ និងមិនឱ្យមានដាក់កញ្ចុះ តូប ដែលប៉ះពាល់ដល់ការលេងឆ្នេរសមុទ្រទៀតនោះទេ។
៣.មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលស្រុក ឃុំ ត្រូវសហការរៀបចំ និងប្រជុំណែនាំដល់ម្ចាស់អាជីវកម្ម នៅឆ្នេរនេសាទ ត្រូវរៀបចំតារាងតម្លៃសេវាកម្ម និងបញ្ជីតម្លៃមុខម្ហូបអាហារឱ្យបានច្បាស់លាស់ និងសមស្របសម្រាប់ភ្ញៀវទេសចរណ៍នានាដែលបានមកលេងកម្សាន្ត
៤. រដ្ឋបាលស្រុក ឃុំ ត្រូវរៀបចំត្រៀមដីឯកជនរបស់រដ្ឋ ដើម្បីស្នើសូមគម្រោងរៀបចំទីលានទុកដាក់សំរាម សំណល់រឹង និងសំណល់រាវ។
ក្រោយពីបានចុះពិនិត្យឆ្នេរនេសាទ ក្រុមការងារគណៈកម្មាធិការឆ្នេរ គ.អ.ឆ.ក និងជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពប្រកបអាជីវកម្មទេសចរណ៍របស់ជនបរទេស (ហៅភូមិបារាំង) និងបានចុះពិនិត្យផ្លូវលំមួយខ្សែដែលអាជ្ញាធរឃុំជ្រោយស្វាយ បានសហការជាមួយឯកជនស្ថាបនាដើម្បីតភ្ជាប់ឃុំជ្រោយស្វាយ និងឃុំកែវផុស ដោយនៅខ្វះតែស្ពាន០២កន្លែង ក្នុងនោះក្រុមការងារសម្រេចដាក់បញ្ចូលក្នុងផែនការដើម្បីស្នើសូមស្ថាបនាផងដែរ៕
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ March 21, 2024

អត្ថបទទាក់ទង