លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក ឃុំ ទទួលស្វាគមន៍ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងកាយថ្ម របស់ក្រុមហ៊ុន អ៊ុត ធី ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ជាលទ្ធផល តាមរយៈការចុះពិនិត្យលើទីតាំងឃើញថា ក្រុមហ៊ុនបានកាយដីធ្វើផ្លូវខាងលើ ដែលនាំឱ្យប៉ះពាល់ដល់ប្រភពទឹករបស់អូរទឹកធ្លាក់រូងប្រជៀវ ដែលជាតំបន់ទេសចរណ៍ទឹកធ្លាក់មួយរបស់ឃុំ ក្នុងនោះឯកឧត្តមប្រធានប្រតិភូបានណែនាំដល់តំណាងក្រុមហ៊ុន ត្រូវកាយដី ដែលបានចាក់ធ្វើផ្លូវនេះចេញវិញ និងត្រូវគោរពតាមកិច្ចសន្យាបរិស្ថាន និងឯកសារគតិយុត្តនានាដែលបានចែង ដើម្បីចេញអាជ្ញាប័ណ្ណអាជីវកម្មរ៉ែ ថ្ម នៅតំបន់នេះ បើមិនដូច្នោះទេ អាជីវកម្មកាយថ្ម មួយនេះនឹងត្រូវបានដកហូតឡើងវិញ។
ថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ March 20, 2024