រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែសម្រួលព្រំប្រទល់ឃុំជីផាត ស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកែសម្រួលព្រំប្រទល់រវាងឃុំជីផាត ស្រុកថ្មបាំង ជាមួយឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ទីតាំងដីដែលជាកម្មវត្ថុនៃការពិភាក្សាដើម្បីកែសម្រួលព្រំប្រទល់នេះ បើពិនិត្យតាមផែនទីភូមិសាស្ត្ររដ្ឋបាលកន្លងមក គឺស្ថិតនៅក្នុងដែនរដ្ឋបាលនៃឃុំជីខលើ ស្រុកស្រែអំបិល ប៉ុន្តែយោងតាមភូមិសាស្ត្រជាក់ស្តែង ទីតាំងដីនេះស្ថិតនៅក្បែររដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង ហើយកន្លងមក ប្រជាពលរដ្ឋក៏តែងតែប្រើប្រាស់សេវាសាធារណៈរបស់រដ្ឋបាលឃុំជីផាតផងដែរ ព្រោះយល់ថា ស្ថិតក្នុងដែនរដ្ឋបាលឃុំជីផាត។ ក្បាលដីពាក់ព័ន្ធដែលវាស់វែងដោយ បប០១ (បច្ចុប្បន្ន ក្នុងផែនទីភូមិសាស្ត្ររដ្ឋបាល ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល) ចំនួន ៦៨៤ក្បាលដី ស្មើនឹងទំហំ ៦៧៣៦ហិកតា ដែលក្នុងនោះ ក្បាលដី ដែលគ្រប់គ្រង កាន់កាប់ ដោយប្រជាពលរដ្ឋក្នុងឃុំជីផាត ស្រុកថ្មបាំង មានចំនួន ៥២១ក្បាលដី និងក្បាលដីចំនួន ១៦៣ក្បាលដី គ្រប់គ្រងដោយប្រជាពលរដ្ឋនៅក្រៅឃុំជីផាត រួមមានប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកណ្តាល និងប្រជាពលរដ្ឋនៅឃុំបឹងព្រាវ ឃុំស្រែអំបិល ស្រុកស្រែអំបិល (មិនមានប្រជាពលរដ្ឋនៅឃុំជីខលើទេ)។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាពដូចខាងក្រោម៖
១.ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងសេវាសាធារណៈ ការគ្រប់គ្រងដីធ្លី នៃក្បាលដីវាស់វែងដោយ បប០១ ទាំង ៦៨៤ក្បាលដី (ទាំងដីដែលកាត់ឆ្វៀលរួច ស្ថិតនៅក្នុងតំបន់ឥណទានកាបូន និងមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន) គឺប្រគល់ជូនរដ្ឋបាលឃុំជីផាត គ្រប់គ្រង និងការពារ
២.ការកំណត់ព្រំប្រទល់រវាងរដ្ឋបាលឃុំជីផាត ជាមួយរដ្ឋបាលឃុំជីខលើ អង្គប្រជុំសម្រេចជាបឋមថា ក្បាលដីវាស់វែងដោយ បប០១ ចំនួន៥៤១ក្បាលដី ដែលមិនស្ថិតនៅក្នុងតំបន់ឥណទានកាបូន នឹងត្រូវធ្វើសំណើទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំកាត់បញ្ចូលទៅក្នុងភូមិសាស្ត្រ រដ្ឋបាលឃុំជីផាត
៣. ចំណែកឯ ក្បាលដីវាស់វែងដោយ បប០១ ចំនួន១៤៣ក្បាលដី ដែលស្ថិតនៅក្នុងតំបន់ឥណទានកាបូន ថាតើ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំណានោះ នឹងត្រូវប្រជុំពិភាក្សាបន្តនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ March 19, 2024

អត្ថបទទាក់ទង