រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយអស់លោក លោកស្រី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ នៃខេត្តកោះកុងរបស់យើង នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចពោះរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដោយបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈចាំបាច់នានានៅមូលដ្ឋាន។ សមិទ្ធផល និងស្នាដៃ ដែលរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថេរភាព សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍខេត្តកោះកុងរបស់យើង។
ជាមួយគ្នានេះដែរ នាងខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ដែលបានខិតខំក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងក្របខណ្ឌ ខេត្តបានយ៉ាងល្អប្រសើរ ពិសេសការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់បោះឆ្នោត ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ គឺជា ការបោះឆ្នោត អសកល ប៉ុន្តែតម្លៃនៃការបោះឆ្នោតនេះ គឺពិតជាមានអត្ថប្រយោជន៍ធំធេងក្នុងការគ្រប់គ្រងរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម លោក លោកស្រី គណៈអធិបតី ! សមាជិក សមាជិកា និងអង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីរៀបចំពិធី ប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ នៃខេត្តកោះកុង របស់យើង ដែលសរុបមានចំនួន៦៩រូប ស្រី២៨រូប ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្ត រដ្ឋបាល ស្រុក មន្ទីរជំនាញនានា និងនៅគ្រឹះស្ថានសិក្សាសាធារណៈនៃស្រុកមណ្ឌលសីមា។ ជាមួយគ្នានេះ នាងខ្ញុំសូមចូលរួមសម្តែងនូវការអបអរសាទរ ចំពោះអស់លោក លោកស្រី ទាំង៦៩រូប ដែលទទួលបានការផ្លាស់ប្តូរកន្លែងការងារ ការតែងតាំង និងការប្រគល់ភារកិច្ចថ្មីនាពេលនេះ ហើយនាងខ្ញុំសង្ឃឹមជឿជាក់ថា អស់លោក លោកស្រី នឹងខិតខំបន្តរក្សានូវសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ តាមរយៈ ចំណេះដឹង សមត្ថភាពនិងបទពិសោធន៍ និងស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងស្របតាមការណែនាំផ្ទាល់របស់ថ្នាក់ដឹកនាំអង្គភាព ដើម្បីបន្តចូលរួមអភិវឌ្ឍខេត្តកោះកុងរបស់យើងឲ្យកាន់តែរីកចំរើន និង ទទួលបានសមិទ្ធផលថ្មីៗអង្គភាពរបស់ខ្លួន ឲ្យកាន់តែមានភាពរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
មុននឹងបញ្ចប់ នាងខ្ញុំសូមយកឱកាសនេះ ស្នើដល់ អស់លោក លោកស្រី និងអង្គពិធីទាំងមូល ត្រូវយកចិត្តទុកចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងលិខិតបទដ្ឋានគតិយុត្តនានាដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ ជូនចំពោះឯកឧត្តម អស់លោក លោកស្រី គណៈអធិបតី និងអស់លោក លោកស្រីភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ March 12, 2024

អត្ថបទទាក់ទង