រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅនូវ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី និងមានក្តីសោមនស្សរីករាយជាទីបំផុតដែល បានមកចូលរួមជាអធិបតី ក្នុងឱកាសបើកកិច្ចប្រជុំនាពេលនេះ។ ក្នុងនាមគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី ដែល បានអនុញ្ញាតឱ្យក្រុមការងារកសាងផែនការខេត្ត ដាក់សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦ ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តនាពេលថ្ងៃនេះ ដើម្បីសូមការពិនិត្យ និងផ្តល់យោយល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦។ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំ ទាំងមូលមេត្តាជ្រាបថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ឆ្នាំ (២០២០-២០២៤) ដែលបានអនុម័ត និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានកំណត់ពីចក្ខុវិស័យ គោល បំណង គោលដៅ យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានក្នុង រយៈពេល៥ឆ្នាំ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់វិស័យជំនាញ។ ហេតុដូចនេះក្រុមការងារកសាងផែនការខេត្តបានរៀបចំកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ចំនួន៤លើករួចមកហើយ និងបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦ លើកទី៥ នៃការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ខេត្ត។ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦ ជាសមិទ្ធិផលដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ខេត្ត នឹងត្រូវបានអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តិនានា។ វិធីសាស្ត្រនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ត្រូវបានអនុវត្តតាម ប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ លេខ ០៧៨ផក លេខ ១៤៩ផក និងប្រតិទិនការងារ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង នាថៃ្ងព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ការរៀបចំកម្មវិធីវិនិយោគនេះ មានក្រុមការងារកសាងផែនការជាលេខាធិការ ដែលមាន នាងខ្ញុំ អភិបាលខេត្ត ជាប្រធានហើយមានអភិបាលរងខេត្ត ០១រូប ជាអនុប្រធាន មានសមាជិកមកពីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងមានការចូលរួមពីអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងក្រុមយុវជន បានដាក់បញ្ចូលនូវធាតុចូលរបស់ខ្លួនក្នុង កម្មវិធីវិនិយោគ និងមានការពិគ្រោះយោបល់តាមរយៈវេទិកាពិគ្រោះយោបល់។កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់ខេត្តកោះកុង ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ នៃមាតិកា ស្របតាមសេចក្តីណែនាំបច្ចេកទេសនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ដែលបានលើកឡើងខ្លឹមសារសំខាន់ៗ រំលេចឡើងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជា មូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។ក្នុងន័យនេះរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត អាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័ន ជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ សូមឱ្យ សមាជិក សមាជិកា នៃកិច្ចប្រជុំ មេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូល ទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៤-២០២៦។យើងខ្ញុំ សង្ឃឹមថាលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ សម្រាប់ការ អភិវឌ្ឍន៍ខេត្ត បីឆ្នាំរំកិល ឆ្នាំនេះ និងជាប្រយោជន៍សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ ដើម្បីសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាក់ស្តែងជាអាទិភាព របស់ប្រជាជន ទូទាំងខេត្ត និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ដែលជាគម្រោងអាទិភាពគាំទ្រពីលទ្ធផលសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក និងការគាំទ្រពីមន្ទីរវិស័យ អង្គការជាតិ និងអន្តរ ជាតិ វិស័យឯកជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានប្រសើរឡើង។ដើម្បីឱ្យដំណើរការពិនិត្យ និងផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៤-២០២៦ ទទួលបានលទ្ធផលល្អ ខ្ញុំស្នើសុំអង្គប្រជុំ មេត្តាយកចិត្តទុកដាក់ ពិនិត្យ លើខ្លឹមសារសំខាន់ៗរួមមាន៖-ពិនិត្យ និងផ្តល់យោបល់ លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមរបស់ខេត្ត-ពិនិត្យ និងផ្តល់យោបល់លើតារាង២.១ សង្ខេបប្រភពមូលនិធិឆ្នាំ២០២៤ គម្រោងសកម្មភាពមានថវិកាគាំទ្រ-ពិនិត្យ និងផ្តល់យោបល់ លើតារាង ២.៥ កម្មវិធីប្រតិបត្តិការសេវាកម្ម-ពិនិត្យរបាយការណ៍ស្តីពីលទ្ធផលនៃការតាមដានការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ២០២៤។


ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ March 12, 2024

អត្ថបទទាក់ទង