រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត ចំងាយ៨គីឡូម៉ែត ដើម្បីចូលរួមអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល និងដើម្បីប្រមូលមូលនិធិអភិវឌ្ឍន៍សហគមន៍ពាមក្រសោប

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត ចំងាយ៨គីឡូម៉ែត ដើម្បីចូលរួមអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល និងដើម្បីប្រមូលមូលនិធិអភិវឌ្ឍន៍សហគមន៍ពាមក្រសោប។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមគោរពអនុញ្ញាតផ្ញើសារពីចំងាយ ចូលរួមអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ជូនចំពោះសម្តេច លោកជំទាវ ឯកឧត្ដម ឧកញ៉ា លោក លោកស្រី ក្មួយៗ សិស្ស និស្សិត កម្មការិនី ជនរួមជាតិទាំងអស់ ជាពិសេសបងប្អូននារីនៅទូទាំងខេត្តកោះកុង ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹកបំផុត និងសូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន របស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូន ក្មួយៗ កីឡាករ កីឡាការិនី ដែលបានមកចូលរួមក្នុង ព្រឹត្តិការណ៍រត់ប្រណាំង កម្សាន្ត ចំងាយ៨គីឡូម៉ែត ដើម្បីចូលរួមអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល និងដើម្បីប្រមូលមូលនិធិ អភិវឌ្ឍន៍សហគមន៍ពាមក្រសោប នាពេលនេះ។
ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកិច្ចការនារី បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមមូលបទ"ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" ក្នុងគោលបំណងដើម្បីបង្ហាញ អំពីសក្តានុពល និងសារៈសំខាន់នៃការចូលរួម ព្រមទាំងបង្ហាញពីភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។ នាងខ្ញុំពិតជាសូមគាំទ្រចំពោះការលើកឡើងនូវមូលបទខាងលើនេះ ព្រោះថាវាពិតជាបានឆ្លើយតបទៅនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុង យុគសម័យឌីជីថល និងស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងក្របខ័ណ្ឌគោល នយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី របស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តកំណត់អាទិភាពក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យសំដៅពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគលើស្ត្រី ក្មេងស្រី និងបង្កើនភាព អង់អាចដល់ស្ត្រី ក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំផងដែរ។
ឯកឧត្តម លោកជំទាវ ជាទីគោរព! លោក លោកស្រី បង ប្អូន ក្មួយៗ កីឡាករ កីឡាការិនី ជាទីគោរព និងជាទីមេត្រី! ជាមួយគ្នានេះ នាងខ្ញុំសូមសម្តែងនូវការអបអរសាទរ ចំពោះកីឡាករ កីឡាការិនី របស់យើង ដែលបានទទួលជ័យលាភី ទាំង១០រូប ក្នុងនោះមាន បុរស ០៥រូប និងនារី ០៥រូប និងសូមលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី របស់យើងផ្សេងៗទៀត ដែលពុំបានទទួលជ័យលាភីក្នុងឱកាសនេះ ក៏ប៉ុន្តែយើងពិតជា បានរួមចំណែកក្នុងការលើកកម្ពស់ វិស័យកីឡាជាតិរបស់យើង ជាពិសេស បង ប្អូន ក្មួយៗ ដែលជាស្ត្រី ដូច ប្រសាសន៍ របស់ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានគូសបញ្ជាក់ថា ស្ត្រីពិតជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ព្រមទាំងបានដណ្ដើមមេដាយជាច្រើនលើ ឆាកអន្តរជាតិជូនប្រទេសជាតិទៀតផង។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាល ពីឆ្នាំ២០២៣កន្លងទៅ អត្តពលិកនារីកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដណ្ដើម មេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតអាចឲ្យកម្ពុជាឈរលើចំណាត់ថ្នាក់ទី៤ ដែលជាប្រវត្តិដ៏អស្ចារ្យ បំផុតរបស់យើង ។

ជាមួយគ្នានេះដែរ កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានធ្វើឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ពីភាពអង់អាចរបស់ស្ត្រីកម្ពុជា តាមរយៈការបង្ហាញឆន្ទៈ ស្មារតីកីឡា និងគុណតម្លៃ អូឡាំពិកក្នុងការជម្នះបញ្ចប់ការរត់ចម្ងាយ ៥,០០០ ម៉ែត្រ របស់ខ្លួនក្រោមតំណក់ទឹកភ្លៀង ។ មុននឹងបញ្ចប់ នាងខ្ញុំសូមអំពាវនាវដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ យុវជន-យុវនារី ទាំងអស់ចូលរួមលេងកីឡាទាំងអស់គ្នា និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ដែលរួមមាន៖ ឧត្តមភាព "Excellence" ការគោរពគ្នា “Respect" និងមិត្តភាព"Friendship" ក្នុងទិសដៅកសាង ពិភពលោកដ៏ស្រស់បំព្រងតាមរយៈកីឡាផងដែរ ព្រមទាំងចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសូមចៀសឱ្យឆ្ងាយពីការជួញដូរ និងសេពគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី គណៈអធិបតី បង ប្អូន ក្មួយៗ កីឡាករ កីឡាការិនី ដែលបានមកចូលរួមក្នុង ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត ចំងាយ៨គីឡូម៉ែត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រីក្នុងបរិវត្ត កម្មឌីជីថល និងដើម្បីប្រមូលមូលនិធិអភិវឌ្ឍន៍សហគមន៍ពាមក្រសោប និងសូមថ្លែងអំណរគុណជា អនេកប្បការ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាថវិកាក្នុង ព្រឹត្តិការណ៍នេះ សម្រាប់យកទៅអភិវឌ្ឍសហគមន៍ពាមក្រសោប។ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី គណៈអធិបតី បង ប្អូន ក្មួយៗ កីឡាករ កីឡាការិនី សូម បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ១៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ March 9, 2024

អត្ថបទទាក់ទង