រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំលើករណីស្នើសូមកែសម្រួលផ្លូវស្ថិតនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសំណើរបស់អាជ្ញាធរមូលដ្ឋានស្រុកគិរីសាគរ ដែលស្នើសូមកែសម្រួលផ្លូវ ស្ថិតនៅត្រង់ចំណុច ចាប់ពី គល់ស្ពានដីរី ស មានប្រវែង ៩៦៦ម៉ែត្រ ដោយសារស្ថានភាពផ្លូវនៅត្រង់ចំណុចនេះ មានស្ថានភាពកោងខ្លាំង ដែលពិបាកក្នុងការធ្វើចរាចរណ៍ ងាយបង្កគ្រោះថ្នាក់ចរាចរណ៍ និងពិបាកក្នុងការដឹកជញ្ជូនទំនិញ ហេតុនេះហើយ ទើបស្នើសុំកែសម្រួលផ្លូវត្រង់ចំណុចនេះ ឱ្យត្រង់ និងមានស្ថានភាពល្អប្រសើរជាងមុន។ ផ្លូវមួយខ្សែនេះ គឺតភ្ជាប់ពីឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ មកឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលស្ថាបនាឡើងក្រោមការជួយឧបត្ថមថវិកាពី ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់។
ចំណុចផ្លូវដែលនឹងធ្វើការកែសម្រួលនេះ មានប៉ះពាល់ជាមួយដីប្រជាពលរដ្ឋចំនួន ០២គ្រួសារ។ តាមរយៈកិច្ចប្រជុំ និងក្រោមការសម្របសម្រួលរបស់លោក សុខ សុទ្ធី ជាមួយប្រជាពលរដ្ឋម្ចាស់ដីដែលប៉ះពាល់៖
១. ដី លោក ជួ ស៊ីម ប៉ះពាល់ដីទំហំ ២២៦៥ម៉ែត្រការ៉េ។ ចំពោះដីប៉ះពាល់នេះ លោក ជួ ស៊ីម ឯកភាពឱ្យធ្វើផ្លូវកាត់ដីនេះ និងស្ម័គ្រចិត្តបរិច្ចាកដីនេះជូនសម្រាប់ធ្វើផ្លូវ។
២. ដីលោក លី យ៉ុងគីម ប៉ះពាល់ដីទំហំ ៦២៧៧ម៉ែត្រការ៉េ។ ចំពោះដីប៉ះពាល់នេះ លោក លី យ៉ុងគីម ឯកភាពឱ្យធ្វើផ្លូវកាត់ដីនេះ ប៉ុន្តែ ទំហំដីដែលប៉ះពាល់ គាត់ស្នើសូមដោះដូរដីនៅកន្លែងផ្សេងជូនគាត់វិញ។ សំណើនេះ រដ្ឋបាលឃុំនឹងសិក្សារកទីតាំងដីសម្រាប់ដោះដូរជូន។
ចំពោះដីដែលប៉ះពាល់នឹងផ្លូវដែលកែសម្រួលថ្មីនេះ លោក សុខ សុទ្ធី បានឱ្យមន្ទីរបរិស្ថានពិនិត្យមើលទីតាំងដីនេះថា មានប៉ះពាល់ ឬជាដីស្ថិតនៅក្នុងតំបន់ការពារធម្មជាតិឬទេ? ប្រសិនបើដីនេះ ស្ថិតនៅក្នុងតំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ការកែសម្រួលផ្លូវថ្មីនេះ នឹងត្រូវស្នើសុំទៅក្រសួងបរិស្ថានតាមនីតិវិធី។

ថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ March 4, 2024

អត្ថបទទាក់ទង