រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “វិនិយោគលើស្ត្រី ដើម្បីបង្កើនល្បឿនវឌ្ឍនភាព”

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “វិនិយោគលើស្ត្រី ដើម្បីបង្កើនល្បឿនវឌ្ឍនភាព”

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ តាងនាម លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយសក្រៃលែងដែលបានចូលរួមជាថ្មីម្តងទៀត ជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង ក្នុងឱកាសដែលសមាគមបានផ្តួចផ្តើម រៀបចំនូវវេទិកាពិភាក្សាសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “វិនិយោគលើស្ត្រី ដើម្បីបង្កើនល្បឿន វឌ្ឍនភាព” និងដើម្បីចូលរួមអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់សមាគមសហគ្រិន ស្ត្រីកម្ពុជា សាខាខេត្តកោះកុង កន្លងមកនេះ។ បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់ លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង ដែលបាន គូសរំលេចអំពីការយកចិត្តទុកដាក់ក្នុងការជំរុញគាំទ្រសមភាពយេនឌ័រ និងវិស័យពាណិជ្ជកម្មក្នុងខេត្តមក ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងខ្ពស់ចំពោះ លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង ក្រុមប្រឹក្សាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ នាពេលកន្លងមក។ ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តបណ្តាស្ថាប័ន និងអង្គភាពក្នុងខេត្តបន្តជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសមភាពយេនឌ័រ ដើម្បីឱ្យបងប្អូនស្ត្រី និងអាជីវករទាំងអស់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ឱ្យស្របទៅតាមសម័យកាលដែលកំពុងរីកចម្រើន។

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ! អស់រយៈពេលជាងពីរទស្សវត្សចុងក្រោយនេះ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក អគ្គមគ្គុទេសន៍ និងប្រតិបត្តិករនៃ នយោបាយឈ្នះ ឈ្នះ កម្ពុជាសម្រេចបាន និងរក្សាបាននូវសុខសន្តិភាពពេញលេញ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យតទៅមុខទៀត។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន និងប្រមូលធាតុចូល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងទិសដៅសម្រេចឱ្យបាននូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
អង្គពិធីទាំងមូលជាទីមេត្រី ! ខេត្តកោះកុង ជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម និងវិស័យទេសចរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏កំពុងបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងន័យនេះ ខ្ញុំមានជំនឿថា សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តកោះកុង នឹងបន្តចក្ខុវិស័យ ក៏ដូចជាបេសកកម្មរបស់សមាគមឱ្យកាន់ឆ្ពោះទៅមុខដោយឥតរុញរា ដើម្បីជាស្ពាន និងជាបំពង់សំលេង សម្រាប់បងប្អូនអាជីវករដែលជាស្ត្រីក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហាប្រឈមនានាៗ។
ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាចូលរួមក្នុងអង្គវេទិកានាព្រឹកនេះ នឹងទទួលបានចំណេះដឹង ក៏ដូចជាបទិសោធន៍ថ្មីៗ ពីវេទិកាពិភាក្សា ដើម្បីជាទុនក្នុងការអភិវឌ្ឍសមត្ថភាព ផ្ទាល់ខ្លួននាថ្ងៃអនាគត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងភ្ញៀវ កិត្តិយសទាំងអស់ សូមទទួលបានសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាស បើកវេទិកាសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “វិនិយោគលើស្ត្រី ដើម្បីបង្កើន ល្បឿនវឌ្ឍនភាព” ចាប់ផ្ដើមបើកពីពេលនេះទៅ !
ថ្ងៃសៅរ៍ ៧ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ March 2, 2024

អត្ថបទទាក់ទង