រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដំណើរការសាងសង់ស្ថានីយ៍លាងដៃ នៅសាលាបឋមសិក្សាយុទ្ធភូថង ព្រែកស្វាយ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឈួន យ៉ដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំក្រុមការងារ បានចុះពិនិត្យដំណើរការសាងសង់ស្ថានីយ៍លាងដៃ ១កន្លែង នៅសាលាបឋមសិក្សាយុទ្ធភូថង ព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ដោយមានគិតគូរអំពីសុខភាពក្មួយសិស្សានុសិស្ស ក៏ដូចជាការលើកកម្ពស់ការលាងសម្អាតដៃ ពីសំណាកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទើបនឹងសាងសង់ស្ថានីយ៍លាងដៃជូនដល់សាលាគោលដៅចំនួន៤សាលា លោកជំទាវប្រធានក៏បន្តផ្តល់ជូនស្ថានីយ៍លាង១កន្លែងទៀតជូនដល់សាលាបឋមសិក្សាយុទ្ធភូថង ព្រែកស្វាយដែលដំណើរសាងសង់បានប្រហែលជា៧៥ភាគរយហើយ (នេះជាស្ថានីយ៍លាងដៃលេខរៀងទី៥ ) ។

ការសាងសង់ស្ថានីយ៍លាងដៃឡើង ក្នុងគោលបំណងបំផុសចលនាលាងសម្អាតដៃ ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាមួយអាល់កុល ពិសេសជាមួយទឹក និងសាប៊ូឱ្យបានញឹកញាប់ និងវិធីសាស្ត្រលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ត្រូវបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវ ការបង្កា ទប់ស្កាត់ ការពារការឆ្លងមេរោគផ្សេងៗ ជាមួយការផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ ដោយបណ្ដុះទម្លាប់ល្អ មានអនាម័យ មានសណ្ដាប់ធ្នាប់ ស្រឡាញ់ភាពស្អាត និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអនាម័យ និងសុខភាព ដូចទិសស្លោកដែលបានលើកឡើងថា “ការលាងសម្អាតដៃទាំងអស់គ្នា! លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា!” គឺជាសារដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា យ៉ាងនេះហើយត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕

អត្ថបទទាក់ទង