រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៣ ​និងទិសដៅបន្តឆ្នាំ២០២៤ របស់សាខាជូនដល់ក្រុមកាកបាទក្រហមប្រចាំមន្ទីរ អង្គភាព ក្នុងខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅទីស្នាក់ការសាខា រសៀលថ្ងៃចន្ទ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ​បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២៣ ​និងទិសដៅបន្តឆ្នាំ២០២៤ របស់សាខាជូនដល់ក្រុមកាកបាទក្រហមប្រចាំមន្ទីរ អង្គភាព ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោម ស្រេង ហុង ប្រធានក្រុមការងារកាកបាទក្រហមប្រចាំមន្ទីរ អង្គភាព តំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមកាកបាទក្រហមប្រចាំមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន ៣៥នាក់ ​។​

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានឡើងបង្ហាញលទ្ធផលសកម្មភាពការងារឆ្នាំ២០២៣ ដែលសាខាសម្រេចបាន និងទិសដៅបន្ត ឆ្នាំ២០២៤ ដើម្បីឱ្យអង្គប្រជុំបានជ្រាបជារបាយការណ៍ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្រេង ហុង ប្រធានក្រុមការងារកាកបាទក្រហមប្រចាំមន្ទីរ អង្គភាព បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។ព្រមទាំងបានអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការជុំវិញខេត្តទាំងអស់ ជាសប្បុរសជន សូមបន្តចូលរួមបរិច្ចាគថវិកាសមាជិកភាព តាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

តមកឯកឧត្តម ប្រធានក្រុម បានជម្រុញឱ្យក្រុមប្រតិបត្តិសាខា អនុសាខាបន្តតាមដាន និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនិងត្រៀមសម្ភារសម្រាប់ឆ្លើយតប​អោយមានជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានទាន់ពេលវេលា ។

អត្ថបទទាក់ទង