លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ប្រធានក្រុមការងារ នៃគណៈកម្មការអន្តរក្រសួង និងឯឧត្តម លោក លោកស្រី សមាជិកនៃគណៈកម្មការអន្តរក្រសួង និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
**គម្រោងអភិវឌ្ឍ និងវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំ១៨០ហិកតា ក្នុងទឹកដីឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ក្នុងទុនវិនិយោគ៨០លានដុល្លារអាមេរិក។ ក្នុងនោះឃុំជ្រោយស្វាយ តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាល ក៏កំពុងស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានាផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរផងដែរ ហើយការស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ ក៏នឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
***ក្នុងនាមរដ្ឋបាលខេត្ត បានសូមសំណូមពរ
១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ
២-សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុក និងឃុំ ដេីម្បីដោះស្រាយបញ្ហានានាដែលកេីតឡេីងជាយថាហេតុ
៣-សូមស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង
៤-សូមគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បីអាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ
៥-សូមរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា
៦-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។
ថ្ងៃចន្ទ ១១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ February 5, 2024