សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាសមាជិកភាពពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ប្រចាំឆ្នាំ២០២៣
សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានទទួលស្វាគមន៍ និងទទួលថវិកាសមាជិកភាពទ្រទ្រង់ឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ៥,០៣៤,០០០រៀល (ប្រាំលាន សាមសិបបួនពាន់រៀលគត់) នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស និងក្រុមការងារ តំណាងឱ្យ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។
ជាការឆ្លើយតប លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បាននាំនូវប្រសាសន៍ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ថាការផ្តល់ជូនថវិកាសមាជិកភាព គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់លោក ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សន្យាថានឹងប្រើប្រាស់ថវិកាទ្រទ្រង់នេះអោយសមស្របទៅតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ។