រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីបើកផ្ដល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ខេត្តកោះកុង ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា និងបានប្រគល់ប័ណ្ណសម្គាល់ជនមានពិការភាព ដល់រដ្ឋបាលក្រុង /ស្រុកទូទាំងខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង

កោះកុង ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីបើកផ្ដល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ខេត្តកោះកុង ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានជនពិការភាពចំនួន ២២៥នាក់ និងបានប្រគល់ប័ណ្ណសម្គាល់ជនមានពិការភាព ដល់រដ្ឋបាលក្រុង /ស្រុកទូទាំងខេត្តកោះកុង ចំនួន ៩៥០ប័ណ្ណ នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលស្ដីទី នៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពី តំណាង លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តំណាង លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុក តំណាងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន ៣៧នាក់។

លោកបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកនៅតាមសហគមន៍ ពិសេសជនមានពិការភាព ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ ជាក់ស្តែងក្រៅពីការបើកផ្តល់ប្រាក់របបគោលនយោបាយខាងលើ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាសហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងរៀបចំឯកសារគោលប្រតិបត្តិកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជនមានពិការភាពមកពីគ្រួសារមានប័ណ្ណសមធម៌គឺជាក្រុមទទួលផលក្នុងចំណោមក្រុមគោលដៅរបស់កម្មវិធី។ ក្រៅពីនេះ មូលនិធិជនពិការតាមរយៈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ ក៏បាននឹងកំពុងបម្រើសេវាផ្តល់សម្ភារៈ ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប និងសាងសង់ផ្ទះដល់បងប្អូនដែលមានជីវភាពខ្វះខាតជួបការលំបាកខ្លាំងផងដែរ។

អត្ថបទទាក់ទង