ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំនិងនវាអនុវត្តន៍ តាមរយៈប្រព័ន្ធវីដេអូZoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមប្រព័ន្ធវីដេអូសន្និសីទ។
ក្នុងសប្តាហ៍នេះ វគ្គបណ្តុះបណ្តាលបន្តការវិភាគសិក្សា និងពិភាក្សាលើដំណោះស្រាយបញ្ហា នៃការអនុវត្តតាមគោលការណ៍ដំណើរការ PDIA ផ្ទាល់ខ្លួនរបស់អង្គភាពជំនាញ ដែលស្របទៅនឹងស្ថានភាពជាក់លាក់ ជាមួយកត្តាប្រឈមដែលត្រូវបានរកឃើញ និងបង្កើនការយល់ដឹងវិភាគស៊ីជម្រៅលើកត្តា និងមូលហេតុពាក់ព័ន្ធនានា និងស្វែងរកហេតុផលនៃការវិភាគនេះ ដែលជាស្មារតីជំនួយដល់ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈបទបង្ហាញរបស់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំរៀងរាល់ថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩៦៤នាក់។
ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤