រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិ និងមន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព សឹង ស៊ីណាត សមាជិកក្រុមកាកបាទក្រហមប្រចាំសង្កាត់ដងទង់

សាខា កក្រក ខេត្តកោះកុង៖លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព សឹង ស៊ីណាត ជាសមាជិកក្រុមការងារកាកបាទក្រហមប្រចាំសង្កាត់ដងទង់​ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអង្គារ ១៣រោច​ ខែមិគសិរ​ ឆ្នាំថោះ បញ្ជស័កពុទ្ធសករាជ២៥៦៧​ ត្រូវ​នឹងថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤​ វេលាម៉ោង​ ៤:៣០នាទីទៀបភ្លឺ​ ក្នុងជន្មាយុ​ ៤៩ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកនាយកសាខា និងសហការី បានផ្តាំផ្ញើនូវសារលិខិតរំលែកមរណទុក្ខរបស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជូនចំពោះក្រុមគ្រួសារសព និងបានចាត់ទុកថា «មរណភាព របស់លោក​ សឹង ស៊ីណាត​ គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិតរបស់ លោក តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ល្អប្រពៃ ទាំងកម្លាំងកាយចិត្ត និងប្រឹងប្រែងបីបាច់ថ្នាក់ថ្នមថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ ចៅទួត និងក្រុមគ្រួសារ ឱ្យបានក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ។ លើសពីនេះទៅទៀត លោក តែងតែបានរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនជាពិសេសលើវិស័យមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងនាពេលកន្លងមក ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការីនៃសាខា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សឹង ស៊ីណាត សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពគ្រប់គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ថវិកាសាខាចូលរួមបុណ្យចំនួន ៤០ម៉ឺនរៀល ៕

អត្ថបទទាក់ទង