ពិធីប្រកាសតែងតាំង ប្រធាន អនុប្រធានគណៈកិត្តិយស និងសមាជិក សមាជិកាគណៈកម្មាធិការ ក្រុមកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
សាខា កក្រក ៖ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាក្រុមកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត ១ ព្រះអង្គ គណៈកិត្តិយស និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាក្រុង លោក លោកស្រី មន្ត្រីសាលាក្រុង អាជីវករ បណ្តាក្រុមហ៊ុន យុវជនកាកបាទក្រហម យុវជនសសយក ព្រមទាំងសប្បុរសជន នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមសង្កាត់ ដែលមានឆន្ទៈចូលរួមចែករំលែកពេលវេលាបម្រើ ក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋាន ដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានឱ្យទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យស្របតាមទិសស្លោក "ទីណា មានការលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា"។លោកជំទាវប្រធាន បានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាក្រុង និងអ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖១-សូមខិតខំបំពេញភារកិច្ច ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា កាកបាទក្រហមអឌ្ឍចន្ទក្រហម អន្តរជាតិ រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព២-សូមធ្វើយ៉ាងណាខិតខំប្រឹងប្រែង បំពេញភារកិច្ច ជួយសង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងដល់ទីកន្លែង៣-ខិតខំរកមូលនិធិ និងបង្កើតអោយមាន សមាជិកភាពពីសំណាក់ មន្ត្រីរាជការក្រោមឱវាទ សំដៅធានានិរន្តរភាពមូលនិធិ សម្រាប់ជួយជនរងគ្រោះ៤-គ្រប់គ្រង និងប្រើប្រាស់ថវិកាមូលនិធិ ឱ្យមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់៥-ត្រូវចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ គ្រោះមហន្តរាយនានា និងជំងឺឆ្លងផ្សេងៗ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យបានទាន់ពេលវេលា៦-ខិតខំប្រមូលទិន្នន័យ ជនចាស់ជរាទីទាល់ក្រ ជនពិការ កុមារកំព្រា ស្ត្រីម៉េម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ ស្រី្តក្រីក្រក្រោយសំរាលកូន ដើម្បីជួយសង្គ្រោះដោយមិនត្រូវទុកនណាម្នាក់ចោលឡើយ ជាមួយគ្នាផងដែរ។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាសូមចូលរួមអបអរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ដែលលោកជំទាវបាននាំនូវសារលិខិតអបអររបស់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ នាំយកអំណោយមនសុ្សធម៌ផ្តល់ជូនស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនតូច ចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គក្រ ឃីតកូនងែត១ឈុត សាប៊ូ១កញ្ចប់ ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកក៏មានការផ្តល់ជូនគ្រួសារចាស់ជរា ងាយរងគ្រោះចំនួន ២៥គ្រួសារ ទទួលបាន អង្ករ២៥គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកា ៥ម៉ឺនរៀលដូចៗគ្នាផងដែរ ។









































































































