ស្រុកកោះកុង : ថ្ងៃសុក្រ ៩ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង តំណាងលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមប្រឹក្សាស្រុក អភិបាលរង មន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំងក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកកោះកុង ចូលសម្តែងការគួរសម និងជូនពរ ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០២៤ នៅគេហដ្ឋានរបស់ឯកឧត្ដមប្រធានក្រុមប្រឹក្សា
ប្រតិភូរដ្ឋបាលស្រុកកោះកុង បានគោរពជូនពរ ឯកឧត្ដមប្រធានក្រុមប្រឹក្សា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល ២០២៤ សូមគោរពជូនពរ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ដប្រាជ្ញា ស្មារតី ដឹកនាំ ផ្តល់ប្រឹក្សាយោបល់ ធ្វើឱ្យមានការីកចម្រើន ទទួលបាននូវសមិទ្ធផល នានាជាច្រើននៅក្នុងខេត្តកោះកុង ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់គុណបុណ្យព្រះរតត្រ័យ វត្ថុសក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង សូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។