ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព អញ្ចើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូzoom
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី១២ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩៦៧នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
គោលបំណងមេរៀនវគ្គបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ គឺស្វែងយល់អំពីហេតុអ្វីបានជាទំនាក់ទំនងការងារវិជ្ជមាន និងប្រកបដោយលទ្ធផលផ្លែផ្កាជារឿងសំខាន់សម្រាប់កៀរគរការចូលរួមពីបុគ្គលិក ឬមន្រ្តីរាជការ ក្នុងការបំពេញការងារប្រកបដោយផលិតភាព និងការច្នៃប្រឌិតខ្ពស់។ ហើយសិក្សាផងដែរពីចំណុចគន្លឹះនានា និងបច្ចេកទេសទាំងឡាយ ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកដឹកនាំក្នុងបំណងដើម្បីប្រឹងប្រែងបង្កើតទំនាក់ទំនងការងារប្រកបដោយលទ្ធផលផ្លែផ្កាកាន់តែប្រសើរឡើង។
ជាចុងក្រោយនៃវគ្គបណ្តុះបណ្តាល មានការធ្វើបទបង្ហាញរបស់មន្ទីរពេទ្យបង្អែកអង្គរកា ខេត្តតាកែវ ដើម្បីពិភាក្សាលើដំណោះស្រាយបញ្ហា និងអនុវត្តតាមគោលការណ៍នៃដំណើរការ PDIA ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកែសម្រួលទៅនឹងស្ថានភាពជាក់លាក់ណាមួយដែលពួកគេប្រឈម ដើម្បីបង្កើតការយល់ដឹងអំពីការវិភាគលើភាគីពាក់ព័ន្ធនានា និងស្វែងរកហេតុផលនៃការវិភាគនេះមានសារៈសំខាន់ ក្នុងការវិភាគលើបណ្តាញសិក្សា ស្តីពីវិធីការទាញយកនូវគោលគំនិតទាំងឡាយ ដែលអាចដាក់ចេញជាវិធានការអនុវត្តបាន។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។
ថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល