រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ

លោក ឈេង សុវណ្ណដា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ

លោកអភិបាលស្តីទី បានលើកឡើងថា ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដ៏មានសារៈសំខាន់នាពេលនេះ។
ក្នុងនាមថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក៍ដូចខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែគាំទ្រជួយ ដល់ខេត្តកោះកុង និងសូមសម្តែងនូវអំណរស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រតិភូ របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឆ្លៀតពេលដ៏មានតម្ល មកចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធនាឱកាសនេះ។
ខេត្តកោះកុងមានចំនួន ២៩ឃុំ សង្កាត់ស្មើនឹង១១៩ភូមិ ហើយបានចុះបញ្ជីមានលក្ខណៈ ជាប្រព័ន្ធចេញបណ្ណបានចំនួន ២៩,៥៣៣បណ្ណ។ វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ដែលមានគោលដៅកំណត់អំពី គុណភាពនៃការចុះបញ្ជីបានលឿនឆាប់រហ័សជូនប្រជាពលរដ្ឋនិងមានប្រសិទ្ធភាព ក្នុងការប្រកប ការងារវិជ្ជាជីវៈក្នុងវិស័យដីធ្លី ដោយកំណត់យកវិធានការ និងនីតិវិធី។ ការបណ្តុះបណ្តាលនាថ្ងៃនេះគឺធានាបាននូវរបៀបរៀបរយក្នុងការអនុវត្ត កន្លងមកហើយ ចំណុះឲ្យទាំងស្រុងទៅនឹងរបបនយោបាយ ដែលមានការផ្លាស់ប្ដូរជាច្រើនលើកច្រើនសារក្នុង ជំនាន់មនុស្សសព្វថ្ងៃនេះ ដែលជាហេតុនាំឲ្យអស់ លោក លោកស្រី សមាជិកទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ ដែលខិតខំឧទ្ទេសនាម និងលើក ជាសំណួរដែលបានអនុវត្តកន្លងមកជួបប្រទះ។
ឯកឧត្តមគណៈអធិបតី អស់លោក លោកស្រីជាទីគោរព ! នៅក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានពាក្យពេចន៍សំខាន់ៗ មួយចំនួនទាំង ខ្លឹមសារខ្លះមានលក្ខណៈពិបាកយល់ តែខ្ញុំមានជំនឿយ៉ាងមុតមាំបំផុតចំពោះទេពកោសល្យក្នុងការបកស្រាយពន្យល់របស់គ្រូឧទ្ទេស និងការពិភាក្សានូវចំណេះដឹងពីគ្នាទៅវិញទៅមក ក្នុងចំណោមសិក្ខា កាមទាំងអស់គួបផ្សំនឹងបទពិសោធន៍ទាំងឡាយ ដែលអស់លោក លោកស្រី ធ្លាប់បានអនុវត្តកន្លង មកពិតជាអាចញ៉ាំងឲ្យការបណ្ដុះបណ្ដាលទទួលបាននូវលទ្ធផលយ៉ាងគាប់ប្រសើរ។
វគ្គបណ្តុះបណ្តាលនាពេលនេះគឺជាការកសាងនូវសម្ថភាព របស់មន្ត្រីមូលដ្ឋានដែលនៅ កៀកនឹងប្រជាពលរដ្ឋ ធ្វើការងារបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមបែបវិមជ្ឈការ ដែល ជាប្រព័ន្ធដ៍ថ្មីស្រឡាង ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កបាននូវកម្លាំងដ៏រឹងមាំក្នុងការអនុវត្តនូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ សាជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម រដ្ឋលេខាធិការ ដែលបានឆ្លៀតឱកាសដ៍មមាញឹកបំផុត អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់នាពេលនេះខ្ញុំសូមសម្ដែងនូវសេចក្តី ស្ងោចសរសើរចំពោះមន្ត្រីក្រុមវាលដែលបានពុះពាររាល់ការលំបាកមកជួបជុំគ្នា ដើម្បីស្វែងយល់ នូវច្បាប់សម្រាប់បង្កើន គុណភាពដឹកនាំ របស់ខ្លួនក្នុងការធានា នូវការផ្តល់វិញ្ញាបនបត្រជូនប្រជា ពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស។
ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរចំពោះគណៈអធិបតី និងអស់ លោក លោកស្រីទាំងអស់ ទទួលបាននូវពរទាំង៤ប្រការគី អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអគុណ !
ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ December 27, 2023

អត្ថបទទាក់ទង