រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំកម្មសិក្សាការីវគ្គបំប៉នសមត្ថភាពយធា ធ្វើលំហាត់យុទ្ធដំណើរ

កោះកុង៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៦:០០ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធារបស់តំបន់ប្រតិបត្តិការសឹករងកោះកុងធ្វើលំហាត់យុទ្ធដំណើរទ័ព រយៈចម្ងាយ ៧៥គីឡូម៉ែត្រ ដែលមានកម្លាំងចូលរួមចំនួន ១១០នាក់ ក្នុងនោះមានយោធិននារី១៥ នាក់ ។យុទ្ធដំណើរនេះមានរយៈពេល០៣យប់ ០៤ ថ្ងៃ ដោយចាប់ចេញដំណើរពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឆ្ពោះទៅទីបញ្ជាការកងវរសេនាតូចការពារព្រំដែនគោកលេខ៣ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ  លោកមេបញ្ជាការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។ លោកមេបញ្ជាការបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ នាយទាហាន នាយទាហានរង ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារលើផ្នែកយុទ្ធវិធី ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕

អត្ថបទទាក់ទង