មន្ទីរកិច្ចការនារីខេត្តកោះកុង បានសហការជាមួយអង្គការ UWS ក្នុងការរៀបចំកម្មវិធីយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៣ ដល់ប្រជាពលរដ្ឋ ក្រោមប្រធានបទ "រួមគ្នា លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃអំពើហិង្សាលើស្ដ្រី និងក្មេងស្រី" ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមានការចូលរួមពីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម តាមបណ្ដាស្រុក អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៣ នៃក្រុងខេមរភូមិន្ទ សរុបចំនួនប្រមាណ ៨០នាក់ នៅមន្ទីរកិច្ចការនារីខេត្ត។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង÷
១) បង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ
២) លើកកម្ពស់ឥរិយាបថវិជ្ជមាន ចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ
៣) ប្រមូលមតិយោបល់ជុំវិញការយល់ឃើញ និងការប្តេជ្ញាចិត្តរបស់យុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការចូលរួម បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី
៤) លើកកម្ពស់ និងជំរុញឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់រួមទាំង សិល្បៈករ វិស័យឯកជន ក្នុងការបង្ហាញស្មារតីសាមគ្គី ភាពជាធ្លុងមួយ ដើម្បីឆ្លើយតបសកម្មភាពដែលជាតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាព អង់អាចដល់ស្ត្រី
៥) គៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីចូលរួម ចំណែកក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃ ឱ្យបានទូលំទូលាយនិងគ្រប់គោលដៅទាំងអស់ប្រកបដោយបរិយាប័ន្ន។
នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣