លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខឱ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពខេត្ត ខ្ញុំសូមសម្ដែងនូវសេចក្តីរីករាយ ក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ"ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជូនដល់មន្ត្រីជំនាញមកពីរដ្ឋបាលខេត្ត ស្នងការ នគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ និងខ្ញុំ សូមសំដែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោក លោកស្រី ជាសិក្ខាកាម ទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ និងសម្តែងនូវការកោត សសើរចំពោះកិច្ចសហការល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃទីចាត់ការផែនការ និង វិនិយោគ និងមន្ត្រីការិយាល័យផែនការ និងគាំទ្រ ឃុំ សង្កាត់ របស់រដ្ឋបាលក្រុង ស្រុក ក្នុងការរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។
លោក លោកស្រី ជាទីរាប់អាន! ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជូនថាដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការមួយដ៏សាំញ៉ាំ និងស្មុគស្មាញ ព្រោះជាកំណែទម្រង់ខាងនយោបាយ និងរដ្ឋបាល ដែលតម្រូវឱ្យធ្វើការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការអនុវត្តបណ្ដើររៀនសូតបណ្ដើរ និងទាមទារឱ្យមន្ត្រីរបស់យើងមានការផ្លាស់ប្ដូរ ឥរិយាបថក្នុងការបំពេញការងារផងដែរ។ ទន្ទឹមនេះ ដោយមានការប្ដេជ្ញាចិត្តខាងនយោបាយដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យដំណើរការកំណែទម្រង់នេះបោះជំហានទៅមុខយ៉ាងរឹងមាំ និងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មនូវប្រព័ន្ធអភិបាលកិច្ចដែលមានកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាល សារធារណៈ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់នានាតាមវិស័យ។ ក្នុងស្មារតីនេះ ក្រសួងមហាផ្ទៃ បានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយបានសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផល ប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ទន្ទឹមនេះ គោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលធ្លាប់តែគ្របដណ្ដប់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរាជរដ្ឋាភិបាលពិនិត្យ និងដំឡើងកម្រិត ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវបានពង្រីកវិសាលភាពគ្រប់ដណ្ដប់លើវិស័យផ្សេងៗ ដែលដាក់បញ្ចូលគ្នាជាលក្ខណៈសម្បត្តិទាំង៧ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ គួរបញ្ជាក់ថា សៀវភៅ ណែនាំស្តីពីការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ដែលលោក លោកស្រី នឹងទទួលបានការបណ្តុះបណ្តាល នាពេលនេះ បានរៀបរៀងដោយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមការឧបត្ថម្ភដោយអង្គការយូនីសេហ្វ និងបានដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣។ សៀវភៅណែនាំនេះ មានខ្លឹមសារសំខាន់ដូចជា ប្រវត្តិគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" យន្តការអនុវត្ត និងតួនាទី ភារកិច្ច ញ្ជីសកម្មភាពលម្អិតប្រចាំឆ្នាំសម្រាប់អនុវត្តគោល នយោបាយ ដំណើរការ និងវិធីសាស្ត្រសម្រាប់រៀបចំការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយរួមបញ្ចូលទាំងការរៀបចំផែនការ និងការ រៀបចំចលនាប្រឡងប្រណាំងស្តីពីការអនុវត្តគោលនយោបាយ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
ខ្ញុំសង្ឃឹមថា វគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពនាថ្ងៃនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងរបស់លោក លោកស្រី ដែលជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងការបំរើសេវាសាធារណៈ សេវារដ្ឋ បាលឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ហើយនឹងស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមឲ្យបានសកម្មក្នុងការចែករំលែក ទស្សនៈ គំនិត យោបល់ ព្រមទាំងបទពិសោធន៍នានា ដែលអស់លោក លោកស្រីមានជាមួយ អស់លោក លោកស្រីជាគ្រូឧទ្ទេស ដែលបានបង្ហាត់បង្ហាញក្នុងរយៈពេល០១ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ ជាពិសេសត្រូវចេះស្តាប់ ចេះគិត ចេះពិចារណាចេះសាកសួរដេញដោល ចេះកត់ត្រាទុក និងយកទៅ អនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់៕
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ November 16, 2023