រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តកោះកុង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ «វគ្គទី៦»

ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តកោះកុង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៦៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ មេរៀនទី១គឺជាគន្លឹះសំខាន់ទី៣សម្រាប់ដោះស្រាយបញ្ហា (PDIA) និងមានគោលបំណង សំខាន់ៗ៣ចំណុចដូចជា៖ ១) ការវាយតម្លៃអំពីលក្ខណៈ និងវិសាលភាពនៃលំហផ្លាស់ប្តូរ (Change Space) តាមបរិបទដែលត្រូវស្វែងរកដំណោះស្រាយនៃបញ្ហា ដោយផ្អែកលើឥទ្ធិពលសិទ្ធអំណាច ការទទួលយក និងសមត្ថភាព ២) ការវិភាគអំពីបញ្ហាជាមួយនឹងការវិភាគលំហផ្លាស់ប្តូរតាមវិធីសាស្រ្តអេបី (Triple A) ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត ៣) ការរៀបរាប់ពីជំហានតាមលំដាប់លំដោយ ដែលជំហានទាំងនោះអាចនឹងបង្កើតបានជាដំណោះស្រាយប្រកបដោយសក្តានុពល និងមេរៀនទី២មានគោលបំណង៤ចំណុចសំខាន់ៗដូចជា៖ ១) ការវិភាគរិះរកដំណោះស្រាយ គឺពិចារណស្វែងរកគំហើញនានាដែលក្នុងនោះរួមមាន ការគាំទ្រទាំងខាងផ្នែករដ្ឋបាល ខាងផ្នែកនយោបាយ និងលក្ខណៈផ្នែកបច្ចេកទេស ២) ការវិភាគលំហផ្លាស់ប្តូរដោយប្រើវិធីសាស្រ្ត អេបី (Triple A) ដែលបានអនុវត្ត ដើម្បីចម្រាញ់ និងពិនិត្យមើលលទ្ធភាពនៃដំណោះស្រាយដែលអាចធ្វើបាន ៣) ការទទួលស្គាល់ រាល់ដំណោះស្រាយដែលសក្តិសមបំផុត (Best fit) គឺលេចចេញពីការវិភាគ ការឆ្លុះបញ្ចាំង និងការសិក្សាពិសោធន៍សារចុះសារឡើង ហើយរាល់គំនិតដំបូងអាចនឹងមានការផ្លាស់ប្តូរ ៤) ការពិចារណាជម្រើសនានា នៃឧបសគ្គដែលជួបប្រទះក្នុងអំឡុងពេលនៃការអនុវត្តដំណោះស្រាយ អាចត្រូវបានគិតទុកជាមុន និងត្រូវដោះស្រាយ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង