រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើរបស់កងរាជអាវុធហត្ថខេត្តកោះកុង ស្នើសូមទីតាំងដី ដើម្បីសាងសង់ទីបញ្ជាការដ្ឋាន និងមូលដ្ឋានកងរាជអាវុធហត្ថ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការអនុញ្ញាពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសំណើរបស់កងរាជអាវុធហត្ថខេត្តកោះកុង ចំនួន ២សំណើ គឺសំណើសូមទីតាំងដីទំហំ ១ហិកតា ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ សម្រាប់សាងសង់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ និងផ្ទៃដីទំហំ ៤,៥ហិកតា ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សម្រាប់សាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ តាមរយៈកិច្ចប្រជុំពិភាក្សាក្រោមការសម្របសម្រួលរបស់លោក សុខ សុទ្ធី អង្គប្រជុំបានឯកភាពដូចខាងក្រោម៖
១. ទីតាំងដីស្នើសូមសម្រាប់សាងសង់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ដោយសារទីតាំងដីនេះជាដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី អភិបាលរងខេត្ត ក្នុងនាមជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង បានឯកភាពជាគោលការណ៍ផ្តល់ជូនកងរាជអាវុធហត្ថសម្រាប់សាងសង់មូលដ្ឋានកងរាជអាវុធហត្ថស្រុក។ ជាមួយគ្នានេះ លោក បានណែនាំឱ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រៀបចំឯកសារពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជួយពន្លឿនការបញ្ជាក់ឯកសារផ្សេងៗ ដើម្បីឱ្យមន្ត្រីជំនាញបំពេញឯកសារតាមនីតិវិធីក្នុងការចុះបញ្ជីដីរដ្ឋរបស់កងរាជអាវុធហត្ថ។
២. ទីតាំងដីស្នើសូមសម្រាប់សាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដោយសារទីតាំងដីនេះជាដីមានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការឯកភាពពីមន្ទីរ អង្គភាពសាមី ក្នុងការផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីរៀបចំសំណើសូមការសម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានឯកភាពជាគោលការណ៍ ដើម្បីរៀបចំសំណើគោរព ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ សម្រេច៕
ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ November 14, 2023

អត្ថបទទាក់ទង