រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងការរៀបចំព័ត៌មានវិទ្យា សម្រាប់គេហទំព័ររដ្ឋបាលខេត្តកោះកុងជូនដល់មន្រ្ដីរាជការក្នុងស្រុកកោះកុង ក្រោមអធិបតីភាព លោក ហួត សារឹម អភិបាលរងស្រុក និងមានអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រប់គ្រងព័ត៌មានវិទ្យាខេត្តកោះកុង ដោយលោកហេង គីមឆន និងលោក អ៉ឹង បឺត ដែលមានការចូលរួមពី មន្រ្តីបង្គោលព័ត៌មានវិទ្យាស្រុក ប្រធានការិយាល័យពាក់ព័ន្ធ មេឃុំស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ។
ក្នុងនោះដែរលោកអភិបាលរងស្រុក បានលើកឡើងថាបណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញសង្គម ហ្វេសបុក តែម្តង។ ជាការពិតណាស់ ក្រុមការងារខេត្ត បានសហការយ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារជាមួយ ក្រុមការងារថ្នាក់ស្រុក ដែលជាជនបង្គោលដ៏សំខាន់ សម្រាប់ស្រុករបស់យើងការងារនេះបានដំណើរការ និងមានការរីកចំរើនជាបន្តបន្ទាប់ ដោយមាន ការចូលរួមមិនអាចខ្វះបានពីសំណាក់ អស់លោកលោកស្រីទាំងអស់ ដែលបានបញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត ក្រោយពីបញ្ចប់ សកម្មភាព ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារណៈជន បានដឹងអំពីសកម្មភាពការងារ កិច្ចប្រជុំ តំបន់ទេសចរណ៍ទេសភាព លិខិតបទដ្ឋានគតិយុត្តនានា យុទ្ឋនាការ រួមទាំងព្រឹត្តិការណ៍ នានា ដែលកើតមាន មូលដ្ឋានរបស់ខ្លួន។ អស់លោកលោកស្រី ទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យាបណ្តាញសង្គម និងសារព័ត៌មាន ដែលនាំ អោយយើងទាំងអស់គ្នាបានយល់ដឹងអំពីទៅជា ព័ត៌មានពិត និងអ្វីទៅជា ព័ត៌មានក្លែងក្លាយខ្ញុំសូមបញ្ជាក់ថា សព្វថ្ងៃព័ត៌មាន ដែលមិនពិតបងប្អូនយើងជាច្រើន បានទទួលលឿនបំផុត តែព័ត៌មានពិត ព័ត៌មានជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែក តិចតួចនៅឡើយ។ ដើម្បីអោយ ព័ត៌មានពិត បានផ្តល់ទៅដល់សាធាណៈជនសូមបងប្អូន ទាំងអស់ ចូលរួម សហការយ៉ាងជិតស្និទ្ធិ និងជាប្រចាំ ជាមួយក្រុមការងារខេត្ត ក្រុមការងារ រដ្ឋបាលស្រុក ត្រូវបន្តផ្សព្វផ្សាយ ចែករំលែក អោយបានរហ័ស និងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។
ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព ទៅបានទាមទារឲ្យ អស់ លោក លោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាមួយនិងអ្វីដែលកើតមាននៅក្នុងមូលដ្ឋាន របស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណៈជន អោយបានកាន់តែទូលំទូលាយ បន្ថែមទៀត។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគំនិតសំខាន់ៗមួយចំនួន ក្នុងនាមថ្នាក់ដឹកនាំ ស្រុក ឃុំ/សង្កាត់ និង ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ឃុំ/ សង្កាត់ ត្រូវតែ ៖
*ពង្រឹងសមត្ថភាព របស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន លើកទឹកចិត្ត ដល់មន្ត្រីទទួលបន្ទុក ដូចជាសម្ភារៈ ធនធាននានា ដែលគាំទ្រដល់ដំណើការ និងយន្តការ នៃការរៀបចំព័ត៌មាន។
*មន្តី្ររាជការ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងអង្គភាព ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួន ដល់មន្ត្រីទទួលបន្ទុកអោយបានទាន់ ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
*ជាមួយគ្នានេះដែរ ត្រូវផ្តល់កិច្ចសហការ អោយកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រង វេបសាយនិងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង អោយបានពេញលេញ និងមានតម្លា ព្រមទាំងចូលរួមឆ្លើយតបអោយបានសមស្របនិងទាន់ ពេលវេលា។ ជាទីបញ្ចប់ ខ្ញុំសូមអោយ អស់លោក លោកស្រីទាំងអស់ យកចិត្តទុកដាក់ ស្តាប់ដោយ យកចិត្តខ្ពស់បំផុត ពីបទបង្ហាញរបស់ក្រុមការងារខេត្ត នាពេលបន្តិចទៀតនេះ និងនាំយកនូវ ចំណេះដឹង បទពិសោធន៍ ដែលទទួលបាន ទៅចែករំលែក និងផ្សព្វផ្សាយដល់មន្ត្រីរាជការ និង អ្នកពាក់ព័ន្ធ ដើម្បីបានយល់ដឹង និងអនុវត្តការងារ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អបន្តទៀតនៅសាលប្រជុំសាលាស្រុកោះកុង ខេត្តកោះកុង ។
ស្រុុកកោះកុង : ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣