ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំ លោកអនុប្រធានមន្ទីរ មន្ត្រីការិយាល័យជំនាញ លោកនាយកដែនជម្រកសត្វព្រៃពាមក្រសោប និងមន្ត្រីកិច្ចសន្យា នៃមន្ទីរបរិស្ថាន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ជូនដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋាន លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាបឹងកាឆាង ស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។គោលបំណង÷ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន លោកគ្រូ-អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស ក្នុងភូមិបឹងកាឆាង បានស្វែងយល់ពីផលប៉ះពាល់នៃថង់ប្លាស្ទិក និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចាប់ពីថ្ងៃនេះ រហូតដល់បញ្ឈប់ទាំងស្រុងនាពេលអនាគត ជាពិសេសខេត្តកោះកុង និងប្រទេសកម្ពុជា ។ ក្នុងវេទិកានោះដែរ លោកប្រធានក៏បានបន្ថែមទៅលើការថែរក្សាធនធានព្រៃឈើ ឱ្យបានគង់វង្សថែមទៀតផង ។
ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានចំនួន ៥២នាក់ (ស្រី ២៩នាក់) លោកគ្រូ-អ្នកគ្រូចំនួន ៥នាក់ (ស្រី ៣នាក់) និងប្អូនៗសិស្សានុសិស្សចំនួន ៧២នាក់ (ស្រី ៣៥នាក់) ។