រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីក្នុងទិវាទេសចរណ៍ពិភពលោក និងពិធីសម្ពោធសមិទ្ធផលនានា នៅសហគមន៍ ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីក្នុងទិវាទេសចរណ៍ពិភពលោក និងពិធីសម្ពោធសមិទ្ធផលនានា នៅសហគមន៍ ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេស នៅក្នុងតំបន់និងពិភពលោក ក្រោមម្លប់សន្តិភាពនេះហើយបានធ្វើឱ្យខេត្តកោះកុងរបស់យើង មានឱកាស និងលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ខេត្តកោះកុង របស់យើងទាំងអស់គ្នា ក៏ទទួលបាននូវសមិទ្ធផលថ្មីមួយទៀត ក្រោមការគាំទ្រ និងឧបត្ថម្ភដោយ អង្គការអាក់សិនអេត និងអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ បានជួយដល់សហគមន៍ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ក្នុងការសាងសង់ផ្លូវចូលដោយក្រាលគ្រួសក្រហម មានប្រវែង ៤១៤ម៉ែត្រ បានស្តាស្រះប្រវែង ១០០ម៉ែត្រ សាងសង់បន្ទប់ទឹក(ធ្វើពីបេតុងប្រកស័ង្គសី) ១ខ្នង មាន២បន្ទប់ សាងសង់រោងទទួលភ្ញៀវ ១ខ្នង មានទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ សាងសង់ជើងស៊ីទែន បានតភ្ជាប់ប្រព័ន្ធទឹក នឹងប្រព័ន្ធភ្លើង ចូលក្នុងសហគមន៍ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ។ ជាមួយគ្នានេះសហគមន៍ក៏បានសាងសង់ស្ពាន ២ខ្សែ មានប្រវែង ៤៧ម៉ែត្រ និងបានធ្វើការសាងសង់កញ្ចុះអង្គុយលេងចំនួន ៤កញ្ចុះ ដែលអាចផ្ដល់លទ្ធភាពដល់គណៈកម្មការសហគមន៍ ចាប់ផ្ដើមបើកឱ្យដំណើរការនូវការបម្រើសេវាកម្មអេកូ-ទេសចរណ៍ នៅក្នុងតំបន់នេះបាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា តើអ្វីទៅជាអេកូ-ទេសចរណ៍? ហើយតើ មូលហេតុអ្វីបានជាចាំបាច់រៀបចំឱ្យមានគម្រោងវិនិយោគពាក់ព័ន្ធទៅនឹងអេកូ-ទេសចរណ៍? ត្រង់ចំណុចនេះ ខ្ញុំសូមជម្រាបជូន លោក លោកស្រី គណៈអធិបតី និងលោក លោកស្រីទាំងអស់ បានជ្រាបថា៖ អេកូ-ទេសចរណ៍ គឺជាការធ្វើដំណើរលំហែកំសាន្តទៅតំបន់ធម្មជាតិ ក្នុងនោះអ្នកទេសចរណ៍ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយជួយអភិរក្សបរិស្ថាន និងចូលរួមធ្វើឱ្យសុខុមាលភាព សហគមន៍មូលដ្ឋានប្រសើរឡើង ហើយអ្នកគ្រប់គ្រងគម្រោងអេកូ-ទេសចរណ៍ប្រភេទនេះត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីមានការកាប់បំផ្លាញនូវធនធានធម្មជាតិ។
មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ អង្គការអាក់សិនអេត អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ គណៈកម្មការសហគមន៍ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាជួយគាំទ្រដល់សហគមន៍ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ចាប់ពីដំណាក់ដំបូង រហូតដល់បានលេចចេញជារូបរាងឡើងនាពេលនេះ៕
ថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ September 27, 2023

អត្ថបទទាក់ទង