រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី”ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” ជូនសមាជិក នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី"ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” ជូនសមាជិក នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា តំណាងលោកជំទាវអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក លោកស្រីសិក្ខាកាម ដែលជាតំណាងមន្ទីរ អង្គភាពជំនាញ រដ្ឋបាល ក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ដើម្បីចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងដ៏មានសារៈសំខាន់នេះ។
ដោយមើលឃើញពីភាពរីកចម្រើន នៃសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។
អនុក្រឹត្យមានគោលបំណងដូចតទៅ ៖
-ពង្រឹងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
-ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់ និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានីទៅឱ្យរដ្ឋបាលខណ្ឌ
-កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
-លើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
បច្ចុប្បន្នក្រសួងបរិស្ថាន ក៏ដូចជាក្រសួងមហាផ្ទៃបានជំរុញ ផ្សព្វផ្សាយច្រើនពាក់ព័ន្ធនឹងអនុក្រឹត្យលេខ ១១៣អនក្រ.បក នៅកម្រិតថ្នាក់រដ្ឋបាលក្រុង ស្រុក ក្នុងនោះរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ក៏មានការដាក់បញ្ចូលនូវការិយាល័យបរិស្ថានរបស់មន្ទីរ ដែលនៅនឹងក្រុង ស្រុក ឱ្យទៅជាការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក ដែលជាការផ្ដល់ការទទួលខុសត្រូវកាន់តែច្រើនដល់រដ្ឋបាលមូលដ្ឋាន ប៉ុន្តែបើពិនិត្យមើលលើការផ្សព្វផ្សាយ ការអភិវឌ្ឍសមត្ថភាព ផែនការ និងការអនុវត្តជាក់ស្ដែងលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ហាក់ដូចជាមិនទាន់ផុលផុសនៅឡើយ ពិសេស គឺការចូលរួមសហការឱ្យបានពេញលេញពីស្ថាប័នរដ្ឋ វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដែលធ្វើឱ្យបញ្ហា នៃសំរាម សំណល់រឹង-រាវ និងទឹកកខ្វក់នានា នៅតែជាបញ្ហាចំបងនៅមូលដ្ឋាន។
ដើម្បីធានាប្រសិទ្ធភាពលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចលេខ ០៥២/២៣ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនខេត្តកោះកុង ក្នុងនោះការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី "ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នាថ្ងៃនេះ គឺដើម្បី ១.ប្រកាសសមាសភាព និងផ្សព្វផ្សាយសេចក្តីសម្រេច ២.បទបង្ហាញអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន … និងឯកសារពាក់ព័ន្ធ ការពិភាក្សា ដើម្បីប្រមូលធាតុចូលសំខាន់ៗ ៣.និងកំណត់បញ្ហាប្រឈម និង៤. ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៤។
តាមរយៈសិក្ខាសាលានេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចូលរួមត្រង់ត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញ ក៏ដូចជាការផ្តល់ជាធាតុចូលតាមរយៈកិច្ចពិភាក្សាក្រុមដើម្បីប្រមូលធាតុចូលសំខាន់ៗ និងកំណត់បញ្ហាប្រឈម និងការដាក់ចេញនូវផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៤៕
ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ August 29, 2023

អត្ថបទទាក់ទង