រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គស្តីពីការជំរុញ និងគាំទ្របច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅរដ្ឋបាលក្រុងខេមរភូមិន្ទ និងរដ្ឋបាលស្រុកមណ្ឌលសីមា

លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គស្តីពីការជំរុញ និងគាំទ្របច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅរដ្ឋបាលក្រុងខេមរភូមិន្ទ និងរដ្ឋបាលស្រុកមណ្ឌលសីមា

លោកនាយករង បានមានប្រសាសន៍លើកឡើងថា ដោយមានតម្រូវការចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានផ្តួចផ្តើមឧត្តមគំនិត បង្កើតឱ្យមានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវីទ្យានៃរដ្ឋបាលខេត្ត និងរៀបចំផែនការចុះបណ្តុះបណ្តាលបន្តដល់ថ្នាក់ក្រុងស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពជំនាញក្នុងខេត្ត តាំងពីឆ្នាំ២០១៩មកម្លេះ។ នៅថ្ងៃនេះផងដែរ ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវីទ្យារដ្ឋបាលខេត្ត ត្រូវបាន លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត អនុញ្ញាតឱ្យរៀបចំវគ្គរំលឹកឡើងវិញ ដើម្បីជំរុញនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដល់មន្ត្រីទទួលបន្ទុករដ្ឋបាលក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុងស្រុក សាលាឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹង បង្កើនចំណេះដឹង និងចាប់យកនូវបច្ចេកវិទ្យាថ្មីៗឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់ផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយ ភាពត្រឹមត្រូវ និងទាន់ពេលវេលា ជូនសាធារណជន។ ដោយសារតែការងារមមាញឹករបស់ថ្នាក់ដឹកនាំ ពុំអាចចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គនេះបាន ដូចនេះខ្ញុំត្រូវបានចាត់ឱ្យចូលរួមក្នុងនាមជាអ្នកសម្របសម្រួល និងនាមក្រុមការងារមន្ត្រីបង្គោលនៃរដ្ឋបាលខេត្ត ខ្ញុំសូមយកឱកាសនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ លោកជំទាវអភិបាលខេត្ត គណៈអភិបាលខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសដល់ក្រុមការងារព័ត៌មានវិទ្យានៃរដ្ឋបាលខេត្ត បានបំពេញចំណេះដឹងថ្មីៗបន្ថែមរហូតមក តាមរយៈស្វ័យសិក្សាស្រាវជ្រាវ តាមរយៈក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការតម្រង់ទិសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជាបន្តបន្ទាប់។
កន្លងមក លោក លោកស្រីអភិបាលរងក្រុង ស្រុក ក៏ដូចជាលោក លោកស្រី និងសមាជិក សមាជិកាទាំងអស់ធ្លាប់បានដឹង បានលឺហើយថា បច្ចុប្បន្នជាយុគ្គសម័យទំនើបកម្មនៃប្រព័ន្ធព័ត៌មានវិទ្យា និងបណ្តាញសង្គម ពិតជាបានរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានបានលឿនទាន់ចិត្ត ពិសេសបណ្តាញសង្គម ហ្វេសបុក និងតេលេក្រាម ដែលជាទីពេញនិយមខ្លាំងរបស់មនុស្សគ្រប់វ័យ និងមន្ត្រីរាជការគ្រប់ឋានៈ។
ជាក់ស្តែង ពាក់ព័ន្ធនឹងការងារនេះ ធាតុសំខាន់បំផុតដែលមិនអាចខ្វះបាន គឺការចូលរួមពីអស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកតែម្តង ដែលតែងតែបាន បញ្ជូនព័ត៌មាន ឱ្យក្រុមការងារខេត្ត ក្រុង ស្រុក បានទាន់ពេលវេលា ដើម្បីផ្សព្វផ្សាយបន្តជូនសាធារណជន បានដឹងអំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍សំខាន់ដែលមាននៅក្នុងអង្គភាព និងមូលដ្ឋានឃុំ សង្កាត់ ស្រុករបស់ខ្លួន។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍ គេហទំព័រ ហ្វេកបុកផេករដ្ឋបាលខេត្ត ផេកហ្វេសប៊ុកលោកជំទាវអភិបាលខេត្ត ផេក ឬគណនីរបស់ក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ទទួលបានលទ្ធផលល្អប្រសើរ សូមឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា ។
តាមរយៈការធ្វើបទបង្ហាញ ដែលក្រុមការងារនឹងបង្ហាញជូននាពេលបន្តិចទៀតនេះ ទោះបីមានរយៈពេលខ្លីក៏ពិតមែន ដែលមិនស្របនឹងទំហំការងារព័ត៌មានវិទ្យាក្តី តែវគ្គនេះគ្រាន់តែជាការពង្រឹង និងជំរុញបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពការងារដែលមានស្រាប់តែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ លោក លោកស្រីអភិបាលរងក្រុង ស្រុក អស់លោក លោកស្រី និងសមាជិក សមាជិកាទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមវគ្គពង្រឹងឡើងវិញ ដែលជាការណែនាំ ចង្អុលបង្ហាញដ៏មានសារសំខាន់បំផុតរបស់ លោកជំទាវអភិបាលខេត្ត និងថ្លែងអំណរគុណដល់ក្រុមការងារព័ត៌មានវិទ្យាសាលាខេត្ត ដែលបានខិតខំរៀបចំវគ្គនេះ ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
ខ្ញុំសូមគោរពជូនពរ លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ សូមមានសុខភាពល្អ និងជ័យជម្នះគ្រប់ភារកិច្ច៕
ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ August 28, 2023

អត្ថបទទាក់ទង