រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឃួន ឡានិច រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ឃួន ឡានិច រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ឯកឧត្តម ឃួន ឡានិច រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានឆ្លៀតឱកាសដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃវគ្គបណ្ដុះបណ្ដាលទាំងមូលដែលបានអញ្ជើញចូលរួមពេលនេះ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ កិច្ចសហការ សាមគ្គីភាពគ្នាល្អប្រសើរទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិរវាង អង្គភាព និងអង្គភាពក្នុងគោលបំណងចូលរួមគាំទ្រ ការពារ កសាងប្រទេសមួយដែលមានសុខសន្តិភាព។ ស្ថិតក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាកំពុងអាស្រ័យផលពីសុខសន្តិភាព គឺធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមពេញលេញលើផ្ទៃប្រទេស និងស្ថេរភាពនយោបាយល្អប្រសើរ ដែលបានផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាអាចប្រកបការងារ បង្កើតមុខរបរដោយសេរី និងមានជីវភាពធូរធារ កត្ដាទាំងនេះហើយ រាជរដ្ឋាភិបាលមានលទ្ធភាពផ្តល់សេវាដល់ក្រុមគោលដៅផ្សេងៗ និងមានការអភិវឌ្ឍន៍ ប្រទេសជាតិរីកចំរើន ពេញមុខពេញមាត់លើឆាកអន្ដរជាតិនាពេលបច្ចុប្បន្ន។
តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភាជាតិ កម្ពុជាបានឆ្លងកាត់ដំណាក់កាលយ៉ាងច្រើននៃការធ្វើកំណែទម្រង់ ក្នុងគោលដៅ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ សមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវកម្ពុជាមានកំណើន សេដ្ឋកិច្ចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងពីរទស្សវត្សចុងក្រោយនេះក្នុងរង្វង់៧% ក្នុង១ឆ្នាំ អត្រាភាពក្រីក្របានកាត់បន្ថយពី៥៣,២% (ឆ្នាំ២០០៤) មក១៣,៥% ( ឆ្នាំ២០១៤ ) និងប្រហែល១០% (ឆ្នាំ២០១៨) ហើយនឹងក្លាយពីប្រទេសមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឈានទៅប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ក្នុងស្ថានភាពសកល លោកកំពុងជួបវិបត្តិការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គាមរវាងរុស្សី និងអ៊ុយគ្រែនអូសបន្លាយដល់ បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាអគ្គមេបញ្ជាការមគ្គុទេសន៍តែមួយគត់ក្នុងការបញ្ជាដឹកនាំ គ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈវិធានការ " ៣កុំ ៣ការពារ " រួមនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងប្រទេស ទើបអាចធ្វើឱ្យយើងដំណើរការកម្មវិធីនេះបាន និងរៀនរស់នៅតាមបែបគន្លងថ្មី។
ដោយឡែកខេត្តកោះកុង ក្រោមការយកចិត្តទុកដាក់ដឹកនាំចង្អុលបង្ហាញពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍ ដោយមានការសាមគ្គីភាពឯកភាពខ្ពស់ក្នុងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីវិស័យឯកជន ពីប្រជាជនមហាជនគ្រប់ស្រទាប់វណ្ណៈ ធ្វើឱ្យខេត្តកោះកុង អាចធ្វើម្ចាស់ការក្នុងការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសព្រឹត្តិការជាប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ គឺការបោះឆ្នោតជ្រើសតំណាងរាស្រ្ត អណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ពោលគឺ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ និងទទួលបានជោគជ័យគួរជាទីមោទនៈ។
វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ជាការរំលឹកឡើងវិញនូវមេរៀន ចំណេះដឹង បទពិសោធន៍ និងមានការ កែប្រែនូវចំណុចមួយចំនួនក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ បានអនុវត្តកន្លងមក តាមរបាយការណ៍របស់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកសារបទដ្ឋាន គត្តិយុត្តមួយចំនួន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ ដែលជាកម្មវិធីជាតិជំនួយសង្គមដំបូងគេ កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្រ្ដីនៅពេលសម្រាលកូន និងការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្ដីរាជការ ដែលសម្រាលកូន មានលក្ខណៈមិនទាន់ឆ្លើយតបនូវឡើយ ដូចនេះចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ វិសាលភាពគាំទ្រដល់ក្រុមគោលដៅមានទំហំធំជាងមុន និងកម្រិតអត្រាឧបត្ថម្ភក៏កើនជាទ្វេរដង។ ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្រ្ដីនៃគ្រួសារមានបណ្ណសមធម៌ កម្មករនិយោជិតជាស្រ្ដី ដែលជាសមាជិក ប.ស.ស និងមន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងមន្រ្ដីជាប់កិច្ចសន្យាជាស្រ្ដី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនអាយុ ០២ឆ្នាំ កាន់តែសបញ្ជាក់ឃើញកាន់តែច្បាស់ ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្ដីមានផ្ទៃពោះ និងកុមារតូច ស្របតាមអាទិភាពដែលបាន កំណត់យក “ មនុស្យ “ ជាចម្បង និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់ “ ដើម្បីជួយសម្រួលជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្រ្ដីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យផ្ទៃពោះឱ្យបានស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំង កាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះក្នុងការក្លាយជាមូលធនមនុស្សដ៍សំខាន់ សម្រាប់បន្ដអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់ សមធម៌ និងបរិយាបន្ន នាពេលអនាគត។
ជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម ឃួន ឡានិច រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា ជាពិសេសអ្នកអនុវត្តផ្ទាល់ដែលបានអញ្ជើញចូលរួមវគ្គបណ្ដុះ បណ្ដាលនាពេលនេះនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីមួយទៀតតាមរយៈការធ្វើបទបង្ហាញរបស់ គ្រូសម្របសម្រួលវគ្គ និងស្នើសុំអ្នកចូលរួមលើកជាសំណួរ ផ្ដល់យោបល់ឱ្យផុសផុល និងទទួលបានធាតុចូល សំខាន់ៗ សម្រាប់យកទៅអនុវត្តទទួលបានជោគជ័យ និងប្រសិទ្ធផលនៅមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប គោលនយោបាយជាតិ កម្មវិធីការងារ និងផែនការយុទ្ធសាស្ដ្រនានារបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ជីវភាពរស់នៅ និងកិច្ចគាំពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ជាជនងាយរងគ្រោះ ទទួលបានសុខភាព ជីវភាពរស់នៅល្អប្រសើរធានាបាននូវអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងសូម ជៀសវាងនូវរាល់អំពើអសកម្មធ្វើឱ្យប៉ះពាល់នូវកិត្តិយល សេចក្តីថ្លៃថ្នូផ្ទាល់ខ្លួន និងអង្គភាព៕
ថ្ងៃសុក្រ ១១ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ July 28, 2023

អត្ថបទទាក់ទង