ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពី ការរៀបចំកសាងផែនទីប្រើប្រាស់ដីជាក់ស្តែង ក្នុងភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត នៃដែនដីរដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំតាតៃក្រោម។
ទន្ទឹមជាមួយគ្នានោះ លោកអភិបាលរង និងអាជ្ញាធរភូមិ-ឃុំ បានពិភាក្សាគ្នាលើកិច្ចការងាររៀបចំនូវចំណីព្រែក និងចំណីផ្លូវឱ្យត្រឹមត្រូវសមស្របតាមច្បាប់កំណត់ និងការបែងចែកប្រភេទដីឱ្យបានត្រឹមត្រូវតាមប្រភេទដូចជា ដីកសិកម្ម លំនៅឋាន ដីអភិវឌ្ឍ តំបន់ទេសចរណ៍សក្តានុពល និងតំបន់អភិរក្ស ព្រមទាំងតម្រូវឱ្យមានការរៀបចំផ្សារ បេនឡាន និងសួនសាធារណៈ នៅក្នុងភូមិនីមួយៗ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។
កិច្ចប្រជុំនេះ មានការចូលរួមពីការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ដែលជាក្រុមការងារថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំតាតៃក្រោម មេភូមិ អនុភូមិិទាំង ០២ភូមិ។
ប្រភព ៖ អ៊ឹង បឺត