សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីសូត្រមន្តថ្វាយព្រះពរ សម្តេចម៉ែ ក្នុងឱកាសឳកាសចម្រើនព្រះជន្មាយុគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា
សាខា កក្រក ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត ដើម្បីថ្វាយព្រះរាជពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៧ យាងចូល៨៨ព្រះវស្សា។ ពិធីសូត្រមន្តនេះបានប្រារព្ធឡើងនៅទីស្នាក់ការសាខា ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខា ក្រុមកាកបាទក្រហមប្រចាំមន្ទីរអង្គភាព ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើននាក់។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសមាជិកទាំងអស់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុប្រគេន ព្រះសង្ឃ និងបានលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សាព្រះមហាស្វេត្រឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។