លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ផ្លែឈើ ភូមិ១ ផលិតផល១ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍ និងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ជាពិសេសដេីម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តកោះកុង នឹងត្រៀមរៀបចំពិព័រណ៍ផ្លែឈើភូមិ១ ផលិតផល១ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានស្នើឱ្យរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ រួមជាមួយនិងសហគមន៍ សហការគ្នា ដើម្បីផ្សព្វផ្សាយ និងរៀបចំការតាំងពិព័រណ៍នេះឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕
ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ June 2, 2023