សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង លេខ២០២/២៣ ស.ជ.ណ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ស្តីពី ការហាមឃាត់សកម្មភាពមួយចំនួន ក្នុងឱកាស នៃការប្រារព្ធការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម(ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣
ក្នុងឱកាសប្រារព្ធពិធីកីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣រដ្ឋបាលខេត្តកោះកុងនឹងធ្វើការផ្សាយបន្តផ្ទាល់ពីសកម្មភាពប្រកួតកីឡាដើម្បីឲ្យសាធារណជនទស្សនានៅតាមទីសាធារណៈមួយចំនួន នៃក្រុង ស្រុក ទូទាំងខេត្ត ដូចនេះ សូមសាធារណជន ចូលរួមទស្សនាឲ្យបានច្រើនកុះករ។
ទន្ទឹមនឹងនោះ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្ត ត្រូវហាមឃាត់នូវសកម្មភាពមួយចំនួន ដែលមានគោលបំណងប្រមូលផ្តុំ ដើម្បីតវ៉ា ឬទាមទារផ្សេងៗ ដែល ធ្វើឲ្យប៉ះពាល់ដល់ការប្រារព្ធពិធីជារួម។
ក្នុងករណី មានសកម្មភាពចាំបាច់ត្រូវអនុវត្ត រដ្ឋបាលខេត្ត ស្នើតម្រូវឲ្យដាក់ពាក្យស្នើសុំតាមរយៈមន្ទីរជំនាញ ឬអាជ្ញាធរមូលដ្ឋានសាម៉ី ដើម្បីពិនិត្យ និងសម្រេច។ ប្រសិនបើ មានការអនុវត្តផ្ទុយ ពោលគឺការអនុវត្តសកម្មភាពដែលពុំមានការអនុញ្ញាតរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
យោងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
១. មាត្រា ៤៩៤ លក្ខខណ្ឌអត្ថិភាពនៃការញុះញង់, មាត្រា ៤៩៥ បទញុះញ៉ង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលពី៦ខែ ទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១.០០០.០០០រៀល ទៅ ៤.០០០.០០០រៀល។
២. មាត្រា ៤៥៦ និយមន័យនៃកុបកម្ម,មាត្រា ៤៥៧ ទោសដែលត្រូវអនុវត្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំអំពើចូលរួមនៅក្នុងចលនាកុបកម្ម។
អាស្រ័យសេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ចូលរួមអបអរសាទរកម្មវិធីប្រកួត កីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចូលរួមគោរព និងអនុវត្តខ្លឹមសារ នៃសេចក្តី ជូនដំណឹងខាងលើនេះ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរ
ខែឧសភា 3, 2023
ទិវាសេរីភាពសារពត៌មានពិភពលោក (World Press Freedom Day)

