រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ នៅខេត្តកោះកុង ស្តីពីការយល់ដឹងអំពីនីតិវិធី និងការរៀបចំខ្លួនមុនពេលចាប់ផ្តើមដំណើរការផលិតកម្មចំណីអាហារតម្លៃបន្ថែមនៃកសិផល និងកសិផលកែច្នៃ

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ នៅខេត្តកោះកុង ស្តីពីការយល់ដឹងអំពីនីតិវិធី និងការរៀបចំខ្លួនមុនពេលចាប់ផ្តើមដំណើរការផលិតកម្មចំណីអាហារតម្លៃបន្ថែមនៃកសិផល និងកសិផលកែច្នៃ ។

លោកអភិបាលរងខេត្ត បានលើកឡើងថា នាយុគសម័យសកលភាវូនីយកម្មនៃសតវត្សរ៍ទី២១នេះ ជាកត្តាសត្យានុម័ត ខេត្តបានរៀបចំ ផែនការអភិវឌ្ឍខេត្តត្រូវបានបង្កើតឡើងដោយបានកំណត់ ចក្ខុវិស័យ គោលដៅ គោលបំណង សូចនាករ ជាក់លាក់ និងយុទ្ធសាស្ត្រ ដែលជាមូលដ្ឋាននៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រើប្រាស់ធនធាន និងសក្តានុពលនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងលើកកម្ពស់គុណភាពសេវា សំដៅឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។ ឯកសារផែនការអភិវឌ្ឍន៍ខេត្តកោះកុង រយៈពេលប្រាំឆ្នាំ (២០២០ - ២០២៣)នេះចែកចេញជា ៤ជំពូកគឺ ជំពូកទី១ ដែលបរិយាយអំពីស្ថានភាព សេដ្ឋកិច្ចនិងសង្គមកិច្ច ជំពួកទី២ បរិយាយអំពីក្របខ័ណ្ឌអភិវឌ្ឍន៍ខេ ជំពូក៣ បង្ហាញអំពីកម្មវិធីអភិវឌ្ឍន៍ មូលដ្ឋានរយៈពេលប្រាំឆ្នាំ និងជំពូកទី៤ បរិយាយអំពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ផែនការអភិវឌ្ឍន៍ខេត្តសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ក្រៅពីសំបូរធនធានធម្មជាតិ ខេត្តកោះកុងក៏ជាខេត្តមួយដែលមានភាពទាក់ទាញសម្រាប់តម្រោង វិនិយោគ ខណៈខេត្តជាប់សមុទ្រភាគនិរតីនេះក៏មានព្រំដែនតោកជាប់ប្រទេសថៃ។ ខេត្តកោះកុងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ០៤ កន្លែង។ តំបន់សេដ្ឋកិច្ចពិសេសទាំង ៤ មានតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង វិនិយោគ ដោយក្រុមហ៊ុន LY.P Group ។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសកោះកុង មានរោងចក្រចំនួន ០៦ កំពុង ដំណើរការគឺក្រុមហ៊ុន YAZAKI ក្រុមហ៊ុន HYUNDAI ក្រុមហ៊ុន KKN ក្រុមហ៊ុន MIKASA Sport ក្រុមហ៊ុនHANA និងក្រុមហ៊ុន ៩៩ អ៊ីមប្រយឌីវី កោះកុង ឯ.ក (99) EMPRODERY KOH KONG CO., LTD) ដែលកំពុងដំណើរផ្តល់ការងារ មានចំនួន ១១.៤៤៣នាក់។

ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស ៣ កន្លែងទៀត មានតំបន់សេដ្ឋកិច្ចពិសេស កែវ ស៊ួយផេង ដែលមានទីតាំងនៅជាប់តំបន់សេដ្ឋកិច្ចពិសេសកោះកុង។ តំបន់សេដ្ឋកិច្ចពិសេសកោះកុងអេសអ៊ីហ្សិត ខូអិលធីឌី (Koh Kong SEZ Co., LTD) ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងតំបន់ សេដ្ឋកិច្ចពិសេសជ្រោយស្វាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥ - ២០២៥ ខេត្តកោះកុង ក៏ជាគោលដៅអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនាពេលអនាគត ដែលអាចធ្វើឱ្យខេត្តមានសកម្មភាព អភិវឌ្ឍយ៉ាងលឿន ដោយសារហេដ្ឋារចនាសម្ព័ន្ធអំណោយផលនានា បង្កលក្ខណៈងាយស្រួលដល់ភស្តុភាកម្ម និងការដឹកជញ្ជូនទៅកាន់ច្រកកំពង់ផែសមុទ្រ ការពង្រីកព្រលានយន្តហោះ ការតភ្ជាប់ផ្លូវតោ សុទ្ធសឹង ជាសក្តានុពលដែលត្រូវបានមើលឃើញ ទាំងតំបន់ឆ្នេរដ៏ទាក់ទាញ ទាំងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែទឹកជ្រៅដែលតភ្ជាប់ សកម្មភាពពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក នាពេលអនាគតខាងមុខនេះ។
ដោយសារសក្តានុពលខេត្តដែលបានរៀបរាប់ខាងលើនេះ គឺមិនអាចលើកលែង និងខ្វះបានពីចរន្ត នៃផ្នែកកសិកម្ម ដោយសារទីតាំងភូមិសាស្ត្រមានដី និងសមុទ្រសក្តានុពលទំនេរច្រើន ដែលផ្តល់ជំរើស សម្បូរបែបដល់អ្នកអភិវឌ្ឍន៍កាន់តែមានភាពងាយស្រួល សំរាប់កសិផល និងជលផល ផ្គត់ផ្គង់ផលិតកម្ម ផលិតនិងកែច្នៃម្ហូបអាហារ ផលិតនិងកែច្នៃស្បៀង និងចំណីអាហារ កសិទេសចរណ៍ និងវិស័យ ទេសចរណ៍តំបន់ឆ្នេរ ជាពិសេស ខេត្តស្ថិតនៅជាប់សមុទ្រ ក៏មិនអាចកាត់ផ្តាច់ពីវារីវប្បកម្ម និងជលផលសមុទ្របាន ដើម្បីផ្គត់ផ្គង់តំរូវការប្រចាំថ្ងៃក្នុងខេត្តកោះកុង ដើម្បីទប់និងតំរូវការនាំចូលពុំចាំបាច់។
អស់លោក លោកស្រី អ្វីដែលខ្ញុំចង់បញ្ជាក់ ជាសក្តានុពលរបស់ខេត្តទាំងមូល ហើយដើម្បីជួយ ជំរុញថាមវន្តនៃសក្តានុពលខេត្ត ឱ្យមកជាចរន្តសេដ្ឋកិច្ចរបស់ខេត្តទាំងមូលនោះ គឺត្រូវការកំលាំងចលករ

អ្វីដែលគួរឱ្យកត់សម្គាល់នោះសោត សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ច្រើនជួបនូវបញ្ហា ទាំងផ្នែកធនធាន ផ្នែកបច្ចេកទេស និងផ្នែកចំណេះដឹង គឺនៅមានកំរិតនៅឡើយ បើប្រៀបធៀបទៅ.. និងកំរឹតភាពអនុលោមនៃច្បាប់រដ្ឋបានកំណត់ឱ្យអនុវត្ត ក្នុងន័យនេះ ខ្ញុំចង់បានន័យថា “សហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម ម្ចាស់សហគ្រាស អាជីវកម្ម និមួយៗនៅក្នុងខេត្ត រាប់ចាប់តាំងពីចាប់ផ្តើម ដំណើរការសហគ្រាស អាជីវកម្ម ឬដំណើរការខ្សែរចង្វាក់ផលិតកម្មផលិតនិងកែច្នៃរបស់ខ្លួន រហូតមក ដល់ស្ថានភាពដែលសហគ្រាសបានឈរជើងសព្វថ្ងៃក៏នៅមិនទាន់យល់ច្បាស់ពីនីតិវិធី ភាពអនុលោម ហើយក៏នៅមានភាពស្រពិចស្រពិលថាក្នុងនាមជាម្ចាស់សហគ្រាស ត្រូវត្រៀមរៀបចំខ្លួនបែបណាខ្លះ មុនពេលចាប់ផ្តើមដំណើរការសហគ្រាសអាជីវកម្ម ឬដំណើរការខ្សែរចង្វាក់ផលិតកម្ម ផលិតនិងកែច្នៃ របស់ខ្លួនឱ្យបានពេញលេញនោះនៅឡើយដែរ។ ក្នុងវិស័យផលិតកម្មផលិតនិងកែច្នៃកសិផល ជាសក្តានុពលទី២ របស់ខេត្ត បន្ទាប់ពីវិស័យ ឧស្សាហកម្មវាយន្តភ័ណ្ឌ និងតំលើងគ្រឿងបង្គុំយានយន្ត គឺជាផលិតកម្មផលិតនិងកែច្នៃស្បៀង និងម្ហូបអាហារចម្បង ក៏ដើម្បីជំរុញការផលិត ដើម្បីការនាំចេញ ប្រកបដោយគោលនយោបាយអភិវិឌ្ឍន៍វិស័យ ឧស្សាហកម្ម ២០១៥-២០២៥ផងដែរ។ តែដោយឡែក វិស័យផលិតកម្មផលិត និងកែច្នៃ សំរាប់ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក ទប់និងតំរូវការពុំចាំបាច់សំរាប់ការនាំចូល ក៏ត្រូវធ្វើការផលិតនិងកែច្នៃ ឱ្យមានភាពអនុលោម ហើយត្រូវនិងតំរូវការស្តង់ដាសុវត្ថិភាពម្ហូបអាហារកម្ពុជា ទី១ គឺដើម្បីរក្សា និងធានាសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋ ឬអ្នកទទួលទាន មានន័យថា “ដើម្បីសុខមាលភាពប្រជាពលរដ្ឋក្នុងស្រុក" ទី ២ គឺជួយលើកតម្កើងការប្រើប្រាស់ផលិតផលក្នុងស្រុក និងទី៣ គឺសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ត្រូវពង្រឹងផ្នែកសមត្ថភាពផលិត និងខ្សែរចង្វាក់ផលិតកម្ម ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងគុណធម៌ ជាអ្នកផលិត និងកែច្នៃផលិតផលម្ហូបអាហារ តាមរយៈ វិធានអនាម័យ សុវត្ថិភាពម្ហូបអាហារ ភូតគាមអនាម័យកសិផល និងកសិផលកែច្នៃ រួមទាំងកាតព្វកិច្ចក្នុង ការពង្រឹងកំរិតយល់ដឹងលើបទប្បញ្ញត្តិពាក់ព័ន្ធនិង នាមសហគ្រាសមីក្រូ តូច និងមធ្យមពីសំណាក់ម្ចាស់សហគ្រាសផ្ទាល់ និងពីសំណាក់ធនធានមនុស្ស របស់សហគ្រាស ដែលជាអ្នកកាន់កាប់លើផ្នែកដំណើរការចង្វាក់ផលិតកម្មផ្ទាល់ផងដែរ។
ខ្ញុំសង្ឃឹមនិងជឿជាក់ថា ស្ថាប័នទាំងអស់ និងបន្តរួមសហការគ្នា បង្កើតជាអង្គសិក្ខាសាលា បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់អ្នកផលិតក្នុងខេត្តឱ្យបានជាប្រចាំ ដើម្បីឱ្យសហគ្រាសខ្នាត មីក្រូ តូច និងមធ្យមក្នុងខេត្ត មានសមត្ថភាពពេញលេញ ប្រកបដោយអនុលោមភាព តាមនិយាមស្ដង់ដាជាតិ និងអន្តរជាតិ ក្នុងន័យជួយជំរុញល្បឿន នៃការអភិវឌ្ឍន៍ ការបង្កើតកាងារ ការធានាបាននូវចលនា កំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគបន្ថែម ដែលជាកោសិការសេដ្ឋកិច្ច និងទីផ្សារខេត្ត ធ្វើការផ្សព្វផ្សាយ និងជំរុញចលនាផលិតផលក្នុងខេត្ត ចេញទៅបណ្ដាខេត្តដទៃ ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសក្នុងតំបន់ និងសកលលោក ក្នុងគោលដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចរិភាព៕
ថ្ងៃព្រហស្បតិ៍ ១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ April 6, 2023

អត្ថបទទាក់ទង