រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ក្នុងពិធីចែកអំណោយ ជាគ្រឿងឧបភោគបរិភោគសម្រាប់ ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋសាសនិកឥស្លាម ចំនួន ២៥០គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ក្នុងពិធីចែកអំណោយ ជាគ្រឿងឧបភោគបរិភោគសម្រាប់ ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋសាសនិកឥស្លាម
ចំនួន ២៥០គ្រួសារ ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ នាងខ្ញុំសូមសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា និងប្រតិភូ ដែលបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមកចែក ជូនប្រជាពលរដ្ឋជាសាសនិកឥស្លាមចំនួន ២៥០គ្រួសារ ដែលមកពីភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ចំនួន១៥០គ្រួសារ  និងមកពីភូមិ៤ សង្កាត់ដងទង់ ចំនួន ១០០គ្រួសារ នាពេលនេះ។
អង្គពិធីទាំងមូលជាទីមេត្រី! ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទកៈ។ ក្នុងនោះសមិទ្ធផលធំៗ រួមមានដូចជា ផ្លូវជាតិលេខ៤៨ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ចពិសេសកោះកុង និងក្រុមហ៊ុនយូញៀន ឌិវឹឡុបមេនថ៏គ្រុប ខូអិលធីឌី ដែលមានការដាក់ទុនច្រើនជាងគេចូលមកវិនិយោគលើទឹកដីកោះកុង។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដទៃទៀត ត្រូវបាននឹងកំពុងកសាង កែលម្អជាបន្តបន្ទាប់នៅទូទាំងខេត្ត សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយទេសភាពធម្មជាតិស្រស់បំព្រង និងផាសុកភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថា«តារារៈនាទិសនិរតី» និងបានទទួលជ័យលាភីជា«ឆ្នេរស្អាតបំផុត លើពិភពលោក»។ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើង បានជួបនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងពិភពលោកកំពុងជួបនឹងសង្គ្រាមភូមិសាស្ត្រនយោបាយ ដែលមិនទាន់មានការសម្របសម្រួលដោះស្រាយ គឺបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន និងជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាទីបំផុត អំពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ជាដើម។
ថ្ងៃនេះយើងបាននិងកំពុងរៀបចំពិធីចែកអំណោយជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ២៥០គ្រួសារ ក្នុងនោះសម្រាប់ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ចំនួន ១៥០គ្រួសារ  និងសម្រាប់ភូមិ៤ សង្កាត់ដងទង់ ចំនួន១០០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ អង្គការមុស្លិមហែលហ្វិន នៅប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លីមកម្ពុជា។ សកម្មភាពមនុស្សធម៌នេះ សបញ្ជាក់ឱ្យឃើញអំពីទឹកចិត្តសប្បុរសធម៌ថ្លៃថ្លារបស់ អង្គការមុស្លិមហែលហ្វិន នៅប្រទេសអាល្លឺម៉ង់ ដែលចែករំលែកក្នុងគ្រាទុក្ខលំបាក ហើយនេះជាលើកទី៣ ដែល ឯកឧត្តមវេជ្ជបណ្ឌិត បាននាំយកនូវអំណោយ និងអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម(លើកទី១ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២)។
ជាថ្មីម្តងទៀតនាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តមវេជ្ជបណ្ឌិត សុះ  មុះសិន  សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញជាអធិបតី និងនាំយកមកនូវអំណោយជូនប្រជាពលរដ្ឋទាំង២៥០គ្រួសារ នាថ្ងៃនេះ។
មុននឹងបញ្ចប់ ជំនួសមុខឱ្យប្រជាពលរដ្ឋទាំង ២៥០គ្រួសារ និងរូបនាងខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអំណោយដ៏ថ្លៃថ្លារបស់អង្គការមុស្លិមហែលហ្វិន នៅប្រទេសអាឡឺម៉ង់ ដែលបានចែករំលែកនូវអំណោយមនុស្សធម៌នាពេលនេះ។

ជាទីបញ្ចប់ នាងសូមខ្ញុំសូមគោរពជូនពរ ឯកឧត្តមវេជ្ជបណ្ឌិត ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមពរពីព្រះអាឡោះ សូមឱ្យបងប្អូនជនជាតិឥស្លាមទាំងអស់សូមជួបតែ ស្លាម៉ាត់(សុខសប្បាយ) រ៉ស់ម៉ាត់(សុខភាពល្អ) និងពើរ៉ឺកាត់(ចំរុងចម្រើន) កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!
ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ March 20, 2023

អត្ថបទទាក់ទង