រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងជាអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានសមាសភាពពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត និងទីចាត់ការអន្តរវិស័យសាលាខេត្ត សហការជាមួយ អាជ្ញាធរស្រុកស្រែអំបិល ការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក និងរដ្ឋបាលឃុំបឹងព្រាវ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ របស់ឈ្មោះ កែវ វណ្ណា និងឈ្មោះ ឃួន ស៊ីវង្ស លើដីទំហំ ១០ហិកតា ៣៥អា ៦៤សង់ទីអា ស្ថិតនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជាលទ្ធផល បន្ទាប់ពីការប្រជុំ និងចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានឯកភាព និងផ្តល់ការណែនាំឱ្យសាមីសំណើត្រូវសម្របសម្រួលទំនាស់ឱ្យបានចប់ជាស្ថាពរ(ប្រសិនបើមាន) និងបន្ទាប់មកសហការជាមួយមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ដោយមានការសម្របសម្រួលពីអាជ្ញាធរស្រុកកោះកុង ដើម្បីចុះកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក និង តំបន់ប្រើប្រាស់ច្រើនយ៉ាង និងការវាស់វែងត្រូវអនុវត្តតាមច្បាប់ភូមិបាលជាគោល រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឱ្យ មន្ទីរជំនាញ អាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕
ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ March 13, 2023

អត្ថបទទាក់ទង