លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារករណីលង់ទឹកស្លាប់ ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវអភិបាលខេត្ត ដែលលោកជំទាវតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបគ្រប់ពេលវេលា រួមជាមួយនឹងការសម្ដែងនូវការសោកស្ដាយ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារដោយករណីលង់ទឹកកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកស្រីអភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានឡើងជាយថាហេតុ និងសូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជួយសង្គ្រោះប្រជាជនឱ្យបានទាន់ពេលវេលា រួមជាមួយនឹងការរាយការណ៍ឱ្យបានច្បាស់លាស់ ចំពោះគ្រោះមហន្តរាយដែលបានកេីតឡេីងក្នុងមូលដ្ឋានរបស់ខ្លួន ៕
ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ March 13, 2023