រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោកអភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ ឈានទៅការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង សម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួន សំដៅធ្វើយ៉ាងណាបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ក្នុងន័យនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។ ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ ២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាន នេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរក ភាពស្អាត បៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។ យើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ "ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ” បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវ បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះ ការរៀបចំអភិវឌ្ឍន៍ទីក្រុងគឺមិនត្រឹមតែគិតគូរពីភាពស្អាត បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីតែប៉ុណ្ណោះទេ ក៏ត្រូវ រៀបចំផ្តល់នូវបដិសណ្ឋារកិច្ចល្អ ការស្វាគមន៍រួសរាយរាក់ទាក់ប្រកបដោយភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្ហាញនូវចរិតលក្ខណៈនៃជនជាតិខ្មែរ និងភាពជាម្ចាស់ផ្ទះដ៏ល្អ។ ស្របពេលជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព" ត្រូវបន្តត្រៀមខ្លួនឱ្យបានរួចរាល់ ដោយផ្តោតសំខាន់លើការជំរុញសកម្មភាពកីឡា ការលើកកម្ពស់ភាពស្អាត និងបៃតង ការផ្តល់សេវា និងបដិសណ្ឋារកិច្ចល្អ តាមរយៈការអប់រំ ផ្សព្វផ្សាយ ការប្រឡងប្រណាំង និងការដាក់ចេញយុទ្ធនាការនានា។ ឈរលើស្មារតីនេះ ឆ្លើយតបនឹងប្រធានបទ ·ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាព កក់ក្តៅ” ប្រជាពលរដ្ឋត្រូវ បន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន ៥ ដូចខាងក្រោម៖


ទី១-ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈ ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ស្របតាម ការអនុវត្តគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្ដល់ភាពកក់ក្ដៅដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។


ទី២-បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុងប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។

ទី៣-ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ "ឆ្នាំទស្សនាកម្ពុជា ២០២៣- (Visit Cambodia Year 2023) ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការស្ដារកំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ ដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋាន ជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុសនៅក្នុងឆ្នាំ២០២៣ នេះ។


ទី៤-ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។


ទី៥-បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់នៅក្នុងការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង៕
ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ March 13, 2023

អត្ថបទទាក់ទង