រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការ និងជាអគ្គនាយកស្ដីទីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាស្តីពី”ការជំរុញផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសកាណាដា”

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការ និងជាអគ្គនាយកស្ដីទីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាស្តីពី"ការជំរុញផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសកាណាដា"

លោកអភិបាលរងខេត្ត បានលើកឡើងថា សិក្ខាសាលាស្តីពី “ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា និងផ្សព្វផ្សាយមគ្គុទ្ទេសក៍ស្តីពីការនាំចេញទៅកាណាដា ដែលត្រូវបានសហការរៀបចំដោយនាយកដ្ឋានអាមេរិក និងមន្ទីរពាណិជ្ជកម្មខេត្តកោះកុង នៃក្រសួងពាណិជ្ជកម្ម ដើម្បីជួយស្វែងរកទីផ្សារ និងសិក្សាលទ្ធភាពជ្រៀតចូលទីផ្សារកាណាដា ចំពោះផលិតផលនានា រួមមាន ផលិតផលកសិកម្ម ឧស្សាហកម្ម សិប្បកម្ម វាយនភ័ណ្ឌ និងក្រណាត់។ ដោយឡែកបច្ចុប្បន្នតាមរយៈការប្រឹងប្រែងរបស់រដ្ឋាភិបាលងើបចេញពីវិប្បត្តិកូវីដ-១៩នេះ រួមជាមួយការងារកំណែទម្រង់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុករបស់រដ្ឋាភិបាលខេត្តកោះកុងក៏ទទួលបាននូវការផ្ទេរ មុខងារ និងការធ្វើប្រតិភូកម្មមុខងារ និងធនធានមួយចំនួន ជាពិសេសទទួលបាននូវមូលនិធិ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតាមរយៈការងារដ៏មានសារៈសំខាន់នេះ រដ្ឋបាលខេត្តកោះកុង បានផ្តល់នូវព័ត៌មាន នៃការផ្តល់សេវារដ្ឋបាលសម្រាប់ធុរៈកិច្ច (G2B) ដែលរាជរដ្ឋាភិបាល បានធ្វើវិមជ្ឈការ ដល់រដ្ឋបាល ថ្នាក់ក្រោមជាតិនិងកំពុងផ្តល់សេវាដោយអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ច្រកចេញចូលតែមួយក្រុង ស្រុក រួមមានទិដ្ឋភាពទូទៅ សេចក្ដីណែនាំ ដំណើរការនៃការផ្តល់សេវាតម្លៃសេវា និងព័ត៌មានទំនាក់ទំនង នៃសេវានីមួយៗដោយបានរៀបចំជាបណ្តុំតាមវិស័យដូចជាវិស័យអប់រំ វប្បធម៌សិល្បៈ កសិកម្ម សំណង់ ពាណិជ្ជកម្ម សាធារណការនិងដឹកជញ្ជូន។ ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំផ្តល់សេវារដ្ឋបាល នៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងទាន់ពេល វេលា។ នៅក្នុងពេលបច្ចុប្បន្ននេះផងដែរ ខេត្តកោះកុងដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្ត្រជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះកុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង ២៣៧គីឡូម៉ែត្រ  កំពុងទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់។ ជាក់ស្តែង នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនធំជាងគេមួយនៅប្រទេសកម្ពុជា រ៉ូយ៉ាល់គ្រុប ត្រូវបានអនុញ្ញាតិឱ្យធ្វើការវិនិយោគបង្កើតតំបន់សេដ្ឋ កិច្ចពិសេស នៅលើទំហំផ្ទៃដី១ម៉ឺនហិកតានៅក្នុងឧទ្យានជាតិបុទុមសាគរ នាភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅទីនេះ ខេត្តកោះកុង គឺមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួនពីរ ដែលនឹងបង្កើតការងារបានជាច្រើនកន្លែងថែមទៀតជូនប្រជាពលរដ្ឋ។ ទាំងនេះ គឺដោយសារតែខេត្តកោះកុង បានស្គាល់ភាពរីកចម្រើនយ៉ាងច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះចំនួនពីរកន្លែង ដែលបាននឹងកំពុងសាងសង់ក្នុងពេលសព្វថ្ងៃនេះ។ ក្រៅពីនេះទៀត ខេត្តកោះបាននឹងកំពុងសាងសង់កំពង់ផែទឹកជ្រៅមួយផងដែរ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់រាជធានីខេត្តផ្សេងៗនៃប្រទេសកម្ពុជា ដែលជាភាពទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតទំនិញ ដើម្បីនាំចេញរបស់ប្រទេសកម្ពុជា និងនៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុនោះឡើយ។ ខេត្តកោះកុង មានផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង គឺជារបៀងមាត់សមុទ្រដែលបម្រើឱ្យមិនត្រឹមតែទំនាក់ទំនងផ្ទៃក្នុងរបស់កម្ពុជាទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងថៃ កម្ពុជា និងវៀតណាម ដែលឆ្លងកាត់ រវាងមាត់សមុទ្រនេះ។ ប្រសិនបើវៀតណាមចង់យកទំនេញទៅប្រទេសថៃឆ្លងកាត់តាមផ្លូវនេះក៏រហ័ស ថៃចង់យក ទំនិញទៅវៀតណាម ក៏អាចឆ្លងកាត់តាមផ្លូវនេះ។ របៀងមាត់សមុទ្រនេះ ក៏ក្លាយជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅទិសនារតីដែលមុននេះមានក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។ តែឥឡូវនេះ គ្របដណ្តប់ខេត្តទិសនារតីរបស់យើង មានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត ជាមួយនឹងប៉ូលសេដ្ឋកិច្ច ដ៏រីកចម្រើននិងមានសក្តានុពលខ្ពស់នៅពេលខាងមុខផងដែរ។ ក្រៅតែពីផ្លូវជាតិលេខ៤៨ ខេត្តកោះកុងក៏បានតភ្ជាប់យ៉ាងសំខាន់ជាមួយខេត្តបាត់ដំបង ពោធិ៍សាត់ ទៅខាងប៉ៃលិន បន្ទាយមានជ័យ តាមរយៈផ្លូវជាតិលេខ១០ ដែលនេះជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់ធ្វើ

ដំណើរឆ្លងកាត់តាមរាជធានីភ្នំពេញទៀតឡើយ និងនាំចេញកសិផល និងផលិតផលនានារបស់កសិករ និងឧស្សាហករកម្ពុជាទៅកាន់បរទេសបានដោយងាយស្រួល និងរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម។
ក្រៅពីនេះនៅទូទាំងខេត្ត មានរោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថានសំខានៗ ជាច្រើនកន្លែងទៀតដែលរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅខេត្ត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។ ចំណែកអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងស្រុកទាំងអស់ក៏បានជួយជំរុញ និងចូលរួមយ៉ាងសកម្មក្នុងការងារកសិកម្ម ការងាសាងសង់ប្រព័ន្ធធារា សាស្ត្រ ការងារសាធារណការ ការងារអភិវឌ្ឍន៍ជនបទ ការងារអប់រំសិក្សាធិការ ទេសចរណ៍ ថាមពលអគ្គិសនីនិង ទឹកស្អាត សំណង់និងដីធ្លី ក៏ដូចជាសុខាភិបាល ដែលគេអាចទទួលបានព័ត៌មានជាក់ស្ដែងពីការងារទាំងអស់នេះ នៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត និងស្រុកបន្ថែមទៀតផងដែរ៕
ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ March 10, 2023

អត្ថបទទាក់ទង